Nissan ថា ពួកគេនឹងបន្តការវិនិយោគនៅក្នុងប្រទេសថៃដដែល ទោះបីជាមានការបិទរោងចក្រក៏ដោយ

ក្រុមហ៊ុន Nissan Motor Thailand បានបញ្ជាក់ថា ពួកគេនឹងបន្តការវិនិយោគនៅក្នុងប្រទេសថៃ ដោយផ្តោតលើការផលិតរថយន្តកូនកាត់ (HEV) ទោះបីជាកំពុងអនុវត្តផែនបិទរោងចក្រដំឡើងរថយន្តដំបូងដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧៥ នៅក្នុងតំបន់ Samut Prakan ដើម្បីកែសម្រួលថ្លៃដើមនៃផលិតកម្មក៏ដោយ។

ក្នុងនោះ ការដំឡើងរថយន្ត HEV នឹងផ្លាស់ទៅរោងចក្រថ្មីដែលបានសាងសង់ក្នុងឆ្នាំ ២០២៤ វិញ ដោយមានគោលបំណងកាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាពក្នុងការផលិត និងដើម្បីចូលរួមជាមួយគោលនយោបាយជំរុញការវិនិយោគរបស់ BoI ដែលនឹងផ្តល់ការកាត់បន្ថយពន្ធអាករពី ៦ ទៅ ៩ ភាគរយ ចំពោះការផលិតរថយន្ត HEV ចាប់ពីឆ្នាំ ២០២៦ ដល់ ២០៣២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ការវិនិយោគរបស់ Nissan នៅក្នុងការផលិត HEV គួរតែមានទំហំយ៉ាងហោចណាស់ ៣ ០០០ លានបាត ឬប្រហែល ៨៨,៤១ លានដុល្លារ។ ក៏ប៉ុន្តែការផលិត ឫតម្លើងរថយន្ត HEV ត្រូវប្រើសមាសធាតុសំខាន់ៗដែលផលិតក្នុងស្រុកជាពិសេសអាគុយ។

គួរបញ្ជាក់ថា អត្រាពន្ធអាករក្នុងប្រទេសថៃនឹងអាស្រ័យលើការបំភាយកាបូនឌីអុកស៊ីត (CO₂) របស់រថយន្ត HEV នីមួយៗ។ ប្រសិនបើការបំភាយ CO₂ មិនលើសពី 100 g/km នោះអត្រាពន្ធអាករនឹងកំណត់នៅត្រឹម ៦%។ ប៉ុន្តែបើមានការបំភាយ CO₂ ចន្លោះ ១០១ ទៅ ១២០ g/km នឹងត្រូវបង់ពន្ធ ៩%។

ជាមួយគ្នានេះ ក្រុមហ៊ុន Nissan បានបញ្ជាក់ថា ពួកគេកំពុងរៀបចំផែនការក្នុងការប្រកាសចេញរថយន្ត HEV ថ្មី នៅចន្លោះឆ្នាំ ២០២៦ ដល់ ២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម