Nissan បញ្ចេញភីកអាប់ថ្មីរបស់ខ្លួនត្រៀមចេញលក់នៅចុងឆ្នាំនេះក្នុងប្រទេសចិន

ក្រុមហ៊ុន Nissan បានប្រកាសដាក់បង្ហាញចេញនូវរថយន្តភីកអាប់ថ្មីរបស់ខ្លួនគឺ Nissan Frontier Pro ដែលជារថយន្ត PHEV ដំបូងបង្អស់សម្រាប់ទីផ្សារចិន។

Nissan Frontier Pro PHEV មានប្រវែងសរុប ៥ ៥២០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៥០ ម.ម និងប្រវែងគម្លាតកង់ ៣ ៣០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន​ ២ ផលិតកម្លាំងថាមពលសរុបលើស ៤០៨ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយអាចបើកបរដោយអគ្គិសនីសុទ្ធរហូតដល់ ១៣៥ គីឡូម៉ែត្រ។ លើសពីនេះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរប៉ុងប្រភេទអេឡិចត្រូនិចមានមុខងារ 4High និង 4Low និងរបៀបបើកបរចំនួន ៤ ទៅតាមលក្ខខណ្ឌផ្សេងៗដូចជា Hybrid, Pure Electric, Performance និង Snow ក៏ដូចជាប្រព័ន្ធ independent double wishbone suspension នៅផ្នែកខាងមុខ និងប្រព័ន្ធ 5-link multi-link rear suspension នៅផ្នែកខាងក្រោយផងដែរ សម្រាប់ជួយបង្កើនប្រសិទ្ធភាពក្នុងការបើកបរឲកាន់តែមានភាពប្រសើរឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែករូបរាងខាងក្រៅរបស់រថយន្តនេះ គឺមានភាពខុសគ្នាពីរថយន្តផ្សេងៗរបស់ក្រុមហ៊ុន Nissan ដែលមានភ្ជាប់ជាមួយការរចនាបែបទាន់សម័យ អំណាច និងបច្ចេកវិទ្យា រួមជាមួយអំពូល LED ចំនួន ៥ នៅផ្នែកខាងមុខដែលត្រូវបានបំផុសគំនិតតាមរថយន្ត Nissan D21 ឆ្នាំ ១៩៨០។

ចំពោះផ្នែកខាងក្នុងវិញ Frontier Pro PHEV ទទួលបានអេក្រង់កម្សាន្តទំហំ ១៤ អ៊ីញ កៅអីខាងមុខមានមុខងារខ្យល់ចេញចូល កំដៅ និងម៉ាស្សា ក៏ដូចជាអេក្រង់ឌីជីថលទំហំ ១០ អ៊ីញ ដំបូល Panoramic និងប្រព័ន្ធ ADAS ដ៏សំបូរបែបជាដើម។ ខណៈព័ត៌មានលម្អិតផ្សេងទៀតអំពីតម្លៃ និងថ្ងៃចេញលក់ផ្លូវការ ខាងក្រុមហ៊ុនពុំទាន់ប្រកាសចេញជាផ្លូវការនៅឡើយទេ ប៉ុន្តែនឹងចេញលក់នៅក្នុងឆ្នាំ២០២៥ តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម