Nissan បន្ថែមម៉ូដែលអគ្គិសនី Nissan Ariya 500 ថ្មី សាកភ្លើងពេញម្តងជិះជាង ៦០០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Dongfeng-Nissan បានធ្វើការដាក់បន្ថែមនៅម៉ូដែលថ្មីគឺ Nissan Ariya 500 ប្រើប្រាស់ថាមពលអគ្គិសនិសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ២៧ ៨៦៨ ដុល្លារ ដល់ ៣៩ ៤៤០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

សម្រាប់ការរចនាខាងក្រៅមានលក្ខណៈទាន់សម័យ ដោយចង្កៀងមុខប្រភេទ 4-beam LED និងអំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED ភ្លើងចាំងខាងក្រោយ ប្រៀបដូចជាពន្លឺថ្ងៃ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ​ និងចង្កៀងក្រោយប្រភេទ Full-LED ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាយ៉ាងប្រណិត ដៃចង្កូតស្រោបដោយស្បែក កៅអីអ្នកបើកបរ និងអ្នកដំណើរខាងមុខអាចលៃតម្រូវថាមពលបាន ៦ និងកៅអីក្រោយអាចបត់បាន ៦០/៤០ ។ លើសពីនេះ នៅលើតាប្លូមានបំពាក់អេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០,៨ អ៉ីញ និងឧបករណ៍បំពងសម្លេងម៉ាក BOSE ចំនួន ១០ ចំនុច ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៨៨ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយម៉ូដែលទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ៣០% ទៅ ៨០% ត្រឹមរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម