ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវតម្លៃនៃរថយន្ត Nissan Sentra ស៊េរីឆ្នាំ ២០២២ ជាផ្លូវការ ជាមួយតម្លៃចាប់ផ្តើមពី ២០ ៤៨៥ដុល្លារ (បន្ទាប់ពីបូកបន្ថែមជាមួយថ្លៃដឹកជញ្ជូន ៩៧៥ដុល្លារ) និងម៉ូឌែលពិសេសថ្មី Midnight Edition។
សម្រាប់ប្រភេទ Base Model Sentra S បានភ្ជាប់មកជាមួយថាសកង់ទំហំ ១៦អ៊ីញ, Keyless, ប៊ូតុង Star, មុខងារ Apple Carplay និង Android Auto រួមបន្ថែមជាមួយការបន្ថែមថ្មីទៅលើប្រព័ន្ធសុវត្ថិភាព Safety Shield 360 ដែលមានរួមមាន Intelligent Forword Collision Warning និង Rear Automatic braking។
រីឯម៉ូឌែល SV មានតម្លៃ ២១ ៥៤៥ដុល្លារ (បន្ទាប់ពីបូកបន្ថែមជាមួយថ្លៃដឹកជញ្ជូន) នឹងបំពាក់មកជាមួយថាសកង់អាលុយមីញ៉ូមទំហំ ១៦អ៊ីញ ស្រោបដោយសំបកកង់ 205/60R16, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ គាំទ្រដោយប្រព័ន្ធកម្សាន្ត NissanConnect, ឧបករណ៍បំពងសម្លេង ៦ចំណុច និងប្រព័ន្ធជំនួយការបើកបរ Adaptive Cruise Control បន្ថែម។
ម៉ូឌែលប្រភេទស្ព័រ Sentra SR មានតម្លៃចាប់ពី ២៣ ០៧៥ដុល្លារ (បន្ទាប់ពីបូកបន្ថែមជាមួយថ្លៃដឹកជញ្ជូន) ដោយបំពាក់ជាមួយថាសកង់អាលុយមីញ៉ុមទំហំ ១៨អ៊ីញ, ប៉ាណាក្រូមពណ៌ខ្មៅ, ចង្កៀង-អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, កៅអីបែបស្ព័រដែលមុខងារកម្តៅ អមដោយថ្នេរដេរពណ៌ទឹកក្រូច និងម៉ាស៊ីនត្រជាក់ប្រភេទ Dual-zone។
ចំពោះម៉ូឌែល Midnight Edition ដែលផលិតឡើងលើម៉ូឌែល SR វាមានតម្លៃចាប់ពី ២៣ ៧៧០ដុល្លារ ដោយបានប្រើប្រាស់ជាមួយពណ៌ខ្មៅទៅលើប៉ាណាអក្សរ V, Spoiler (ស្លាប), Diffuser និងថាសកង់ពណ៌ខ្មៅ។
រថយន្ត Nissan Sentra ស៊េរីឆ្នាំ ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ២.០លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៩សេះ៕