[បរទេស] បើយោងតាមសារព៌ត័មានរថយន្ត Carscoos បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Nissan នឹងប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Nissan Kicks Play ស៊េរីឆ្នាំ២០២៥ នៅដើមឆ្នាំក្រោយ ជាមួយតម្លៃលក់ចាប់ពី ២១ ៥២០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់រថយន្ត Nissan Kicks Play ស៊េរីឆ្នាំ២០២៥ ថ្មីនេះ នឹងទទួលបានរចនាឡើងវិញដោយមានការកែលម្អខ្លាំងទៅលើផ្នែកម៉ាស៊ីនអាចផ្តល់នូវថាមពលខ្ពស់ជាងមុន ប៉ុន្តែ Nissan Kicks Play ស៊េរីឆ្នាំ២០២៥ ថ្មីនេះ គឺជាម៉ូដែលដែលត្រូវបានកែប្រែឈ្មោះពី Nissan Kicks S សេរ៊ីឆ្នាំ២០២៤ ប៉ុណ្ណោះ។
រថយន្តសេរ៊ីថ្មីនេះ នឹងដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១២២ សេះ និងកម្លាំងរមួល ១៥៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទអូតូ Xtronic និងប្រព័ន្ធបើកបរប៉ុង១ FWD ។
ចំពោះ Nissan Kicks Play ស៊េរីឆ្នាំ២០២៥ ថ្មីនេះ នឹងទទួលបានប្រព័ន្ធជំនួយការបើកបរដូចជា Blind Spot Warning, ប្រព័ន្ធព្រមានពីការចាកចេញពីផ្លូវ ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ ប្រព័ន្ធ Pedestrian Detection ប្រព័ន្ធ CCTV, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ចង្កៀងមុខ halogen ថាសកង់ទំហំ 16 អ៊ីញ និងប្រព័ន្ធអូឌីយ៉ូចំនួន ៦ចំនុច៕