
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បញ្ចេញនៅរថយន្ត Peugeot E-208 GTI ស៊េរីថ្មីចុងក្រោយ ប្រភេទ hatchback ប្រើថាមពលអគ្គិសនីសុទ្ធដំបូងគេ នៅឯពិព័រណ៍រថយន្ត Le Mans 24H 2025 ដែលកំពុងធ្វើឡើងនៅប្រទេសប៉ារាំង គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ ជាមួយតម្លៃខ្ទង់ ៤៨ ៨៨០ ដុល្លារ ។
Peugeot E-208 GTI ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-CMP platform របស់ក្រុមហ៊ុន Stellantis ហើយដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៣៤៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៥,៧ គីឡូម៉ែត្រ ព្រមទាំងផ្គួបជាមួយអាគុយទំហំ ៥៤គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានពី ២០-៨០% ប្រើរយៈពេល ៣០នាទី ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធចាក់សោរប៉ុងផងដែរ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ Peugeot នៅតែប្រើប្រាស់ចង្កៀងមុខ LED រាងជាក្រញ៉ាំតោ ឬហៅថា Lion Three-Claw ដែលតំណាងឲ្យឡូហ្គោរបស់ក្រុមហ៊ុន បន្ថែមជាមួយប៉ាណាមួយផ្ទាំងធំ ផ្តល់នៅភាពអំណាច ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ជាមួយដុំហ្វ្រាំងកៀបលើកង់ទាំង ៤ ឌីស្សាញបែបប្រឡោះ ជំនួយទៅដល់ប្រព័ន្ឋលំហូខ្យល់ aerodynamic រួមទាំងកាង spoiler ជាប់ដំបូលលយចេញមកក្រៅ ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានកៅអីស្បែកឌីស្សាញឆ្លូតកាត់ពណ៌ក្រហម ក៏ដូចជាឡូហ្គោ GTI នៅលើដៃចង្កូត កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច មុខងារ Auto Hold និងប្រព័ន្ធផ្ទេរថាមពលចេញពីរថយន្ត V2L ទៀតផង ៕