នេះគឺជា Peugeot E-3008 ប្រភេទអគ្គិសនីសុទ្ធ សាកភ្លើងពេញម្តងជិះបានជាង ៧០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញនៅរូបរាងរបស់រថយន្ត Peugeot E-3008 ប្រភេទ Crossover ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ ជាមួយការឌីស្សាញថ្មី ដែលជួយដល់ប្រព័ន្ធ aerodynamic ប្រសើរជាងមុន មុនពេលបង្ហាញចេញជាផ្លូវការនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ ។

Peugeot E-3008 នឹងជាម៉ូដែលដំបូងគេផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី STLA Medium architecture ដែលជំនួសពីគ្រោងឆ្អឹង EPM2 platform ។ សម្រាប់ផ្នែកខាងក្រៅនៃរថយន្ត ប្រើប្រាស់ភាសារចនារបស់ក្រុមហ៊ុនដែលមានការវិវត្តន៍ជាមួយនឹងចង្កៀងមុខស្លីមជាងមុន និងអំពូលបំភ្លឺពេលថ្ងៃ LED រាងជាចង្គូមសត្វតោជាប់សងខាងនឹងប៉ាណា ព្រមទាំងប្រើប្រាស់នៅថាសក់ងរចនាបែបអនាគត ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ E-3008 ក្លាយជាគំរូផលិតកម្មដំបូងគេដែលបំពាក់បច្ចេកវិទ្យា i-Cockpit ជំនាន់ក្រោយ ដោយនៅលើតាប្លូអេក្រង់កោងបែប Panoramic ទំហំ ២១ អ៊ីងដែលរួមបញ្ចូលគ្នានៅកុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់បង្ហាញលើកញ្ចក់ និងអេក្រង់កំសាន្ត touchscreen ។ លើសពីនេះ ក៏មានអេក្រង់ទំហំតូចនៅលើកុងសូលកណ្តាល “i-Toggles” សម្រាប់បញ្ជាមុខងារផ្សេងៗផងដែរ ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ដោយបង្ហើបថា រថយន្តមានជម្រើសថាមពលចំនួន ៣ នឹងអាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម