Polestar ផលិតឡានបាន ១០ម៉ឺនគ្រឿង ប្រើពេលអស់ជាង២ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុន Polestar ទើបផលិតបានរថយន្តទី១០ម៉ឺនគ្រឿងរបស់ខ្លួន ដែលជារថយន្តអគ្គិសនីសុទ្ធម៉ូដែល Polestar 2 ជារថយន្តដែលត្រូវបានចាត់ទុកថាជារថយន្តដ៏ល្អមួយដែលមានលក់លើទីផ្សារបច្ចុប្បន្ន។

ក្រុមហ៊ុនស៊ុយអែតនេះបានចាប់ផ្ដើមការផលិតរថយន្ត Polestar 2 កាលពីជាងពីរឆ្នាំមុន នៅឯរោងចក្ររបស់ Volvo នៅក្នុងប្រទេសចិន ដោយវាគឺជារថយន្តម៉ូដែលដំបូងបំផុតរបស់ Polestar ដែលត្រូវបានផលិតឡើង។ សម្រាប់រថយន្តទី១០ម៉ឺនគ្រឿង នឹងត្រូវដឹកជូនអតិថិជននៅឯប្រទេសអៀរឡង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការចុះផ្សាយរបស់ Auto News Europe បានឲ្យដឹងថារថយន្ត Polestar 2 គឺជារថយន្តខ្នាតកណ្ដាលលំដាប់ Premium ដែលលក់ដាច់ជាងគេចំណាត់ថ្នាក់ទី៥នៅអឺរ៉ុប ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ។ វាបាននាំមុខរថយន្តដូចជា BMW i4 និងរថយន្តប្រើម៉ាស៊ីន Audi A5 ផងដែរ។

គិតលើផ្នែករថយន្តអគ្គិសនី Premium រថយន្ត Polestar 2 ក៏ជាប់ចំណាត់ថ្នាក់លេខប្រាំផងដែរ ដែលបាននាំមុខរថយន្ត Audi Q4 e-tron, Mercedes-Benz EQA និងរថយន្ត Volvo XC40 អគ្គិសនីផងដែរ។ Polestar រំពឹងថានឹងអាចលក់រថយន្តបាន ៥ម៉ឺនគ្រឿងទូទាំងពិភពលោកនៅឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម