[ទីផ្សារបរទេស] រយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ ជាពេលវេលាដ៏ល្អមួយសម្រាប់ក្រុមហ៊ុនរថយន្តស៊ុយអែត Polestar ដែល ដោយអាចរកប្រាក់ចំណូលបានជាង ១ពាន់លានដុល្លារ ជាមួយការលក់ដ៏ខ្លាំងក្លា។
ក្រុមហ៊ុន Polestar អាចលក់រថយន្តសរុបបាន ២១ ១៨៥គ្រឿង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២ ដែលជាការកើនឡើង ១២៣% បើធៀបនឹងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ពេលដែលលក់រថយន្តបានត្រឹម ៩ ៥១០គ្រឿងប៉ុណ្ណោះ។ ការកើនឡើងនៃការលក់នេះបានជួយឲ្យប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនមានរហូតដល់ ១,០៤៧ពាន់លានដុល្លារ កើនឡើងពីប្រាក់ចំណូល ៥៣៤លានដុល្លារ ដែលរកបានកាលពីអំឡុងពេលដូចគ្នានៃឆ្នាំ២០២១។
យ៉ាងណាក្ដី ក្នុងចំណោមប្រាក់ចំណូលនេះ ប្រាក់ចំណេញដែល Polestar ទទួលបានក្នុងឆមាសដំបូង មានត្រឹម ៥៣,៤លានដុល្លារប៉ុណ្ណោះ ប៉ុន្តែជាការកើនឡើង ៤៩% បើធៀបនឹងប្រាក់ចំណេញ ៣៥,៨លានដុល្លារ ដែលទទួលបានកាលពីឆមាសដំបូងនៃឆ្នាំ២០២១។
ការសម្រេចបានលទ្ធផលដ៏អស្ចារ្យនេះ Polestar បានលើកសរសើរដល់រថយន្ត Polestar 2 ដែលកំពុងដាក់លក់ក្នុងទីផ្សារកាន់តែច្រើននៅជុំវិញពិភពលោក មានដូចជាសហភាពអារ៉ាប់រួម, គុយវ៉ែត, ហុងកុង, អៀរឡង់, អេស្ប៉ាញ និង ព័រទុយហ្គាល់ជាដើម។
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Hertz ក៏បានជួយដល់ការលក់ផងដែរ ដោយ Polestar បានយល់ព្រមលក់រថយន្ត ៦៥ ០០០គ្រឿង ដល់ក្រុមហ៊ុន Hertz និងបានចាប់ផ្ដើមការដឹកជញ្ជូនកាលពីខែមិថុនា ឆ្នាំ២០២២ ដែលសន្និដ្ឋានការលក់រថយន្តនឹងបន្តកើនឡើងខ្ពស់នៅឆមាសបន្ទាប់៕