Polestar លក់ឡានបានលុយជាង ១ពាន់លានដុល្លារ កើនជិត ១០០%

[ទីផ្សារបរទេស] រយៈពេល៦ខែដំបូងនៃ​ឆ្នាំ​២០២២នេះ ជាពេលវេលាដ៏ល្អមួយ​សម្រាប់​ក្រុមហ៊ុនរថយន្ត​ស៊ុយអែត Polestar ដែល ដោយ​អាចរកប្រាក់ចំណូលបានជាង ១ពាន់​លាន​ដុល្លារ ជាមួយការលក់ដ៏ខ្លាំងក្លា។

ក្រុមហ៊ុន Polestar អាចលក់រថយន្តសរុបបាន ២១ ១៨៥គ្រឿង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២ ដែល​ជា​ការកើនឡើង ១២៣% បើធៀបនឹងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ពេលដែល​លក់​រថយន្តបានត្រឹម ៩ ៥១០គ្រឿងប៉ុណ្ណោះ។ ការ​កើន​ឡើង​នៃ​ការ​លក់​នេះ​បាន​ជួយ​ឲ្យប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​មានរហូតដល់ ១,០៤៧ពាន់​លាន​ដុល្លារ កើនឡើងពីប្រាក់ចំណូល ៥៣៤​លាន​ដុល្លារ ដែលរកបានកាលពីអំឡុងពេលដូចគ្នានៃឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី ក្នុងចំណោមប្រាក់ចំណូល​នេះ ប្រាក់ចំណេញដែល Polestar ទទួលបានក្នុងឆមាសដំបូង មានត្រឹម ៥៣,៤លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែជាការកើនឡើង ៤៩% បើធៀបនឹងប្រាក់ចំណេញ ៣៥,៨លានដុល្លារ ដែលទទួលបានកាលពីឆមាស​ដំបូងនៃ​ឆ្នាំ​២០២១។

ការសម្រេចបានលទ្ធផលដ៏អស្ចារ្យនេះ Polestar បាន​លើក​សរសើរដល់​រថយន្ត Polestar 2 ដែល​កំពុងដាក់​លក់​ក្នុង​ទីផ្សារ​កាន់​តែ​ច្រើននៅ​ជុំវិញពិភពលោក មានដូចជាសហភាពអារ៉ាប់រួម, គុយវ៉ែត, ហុងកុង, អៀរឡង់, អេស្ប៉ាញ និង​ ព័រទុយ​ហ្គាល់​ជា​ដើម។

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងជាមួយ​ក្រុមហ៊ុន Hertz ក៏បាន​ជួយដល់​ការលក់​ផងដែរ ដោយ Polestar បាន​យល់​ព្រម​លក់​រថយន្ត ៦៥ ០០០​គ្រឿង ដល់​ក្រុមហ៊ុន Hertz និងបានចាប់ផ្ដើមការដឹកជញ្ជូន​កាល​ពី​ខែ​មិថុនា ឆ្នាំ២០២២ ដែល​សន្និដ្ឋាន​ការលក់​រថយន្ត​នឹងបន្តកើនឡើងខ្ពស់នៅឆមាសបន្ទាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម