
ដើម្បីជាការអបអរដល់ទីលានប្រណាំងរថយន្ដ Nürburgring ឈានដល់វិធីគម្រប់ខួប ១០០ ឆ្នាំនៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Porsche បានរចនាជាពិសេសនូវរថយន្ត 911 GT3 មានស្ទាយលេងបែប Nürburgring មិនធ្លាប់មានហើយត្រូវបានដាក់ឈ្មោះជាពិសេសថា 911 GT3 100 Jahre Nürburgring។

រថយន្ដគឺជាម៉ូឌែលពិសេសផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ ១០០ គ្រឿងប៉ុណ្ណោះ ត្រូវបានឌីស្សាញជាមួយគោលបំណងគំនិតផ្ដោតលើទីលានប្រកួតនៅហើយត្រូវបានបំពាក់នៅលើគ្រប់ផ្នែកសំខាន់ៗរបស់រថយន្តហើយនឹងត្រូវដាក់លក់តែនៅក្នុងប្រទេសអាឡឺម៉ង់ប៉ុណ្ណោះ ដែលជាកន្លែងកំណើតរបស់ម៉ាកយីហោរថយន្ដនិងទីលានប្រណាំងរថយន្ដមួយនេះ។ ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្តមួយនេះ ក៏នឹងផ្តល់ជូននូវកញ្ចប់កែច្នៃជាពិសេស Manthey kit ផ្តល់នូវកម្លាំងសង្កត់ Downforce រហូតដល់ ប្រមាណ ៥៤០ គីឡូក្រាម ព្រមទាំងបំពាក់ជាមួយគ្រឿងបច្ចេកវិទ្យាជាច្រើនសម្រាប់ការប្រណាំងទីលានប្រកួតជាច្រើនទៀត។
Porsche ក៏បានផ្ដល់ជូននូវជម្រើសពណ៌ត្រឹមតែ ២ ប៉ុណ្ណោះ គឺពណ៌ស (White) ឬពណ៌ប្រាក់ GT Silver Metallic។ ម៉ូឌែលទាំងពីរនឹងត្រូវបំពាក់ស្រទាប់ហ្វ៊ីមការពារពណ៌បៃតងនៅផ្នែកខាងមុខ និងកាងខាងក្រោយ ជាការតំណាងឲ្យរហស្សនាម «បិសាចបៃតង – Green Hell» នៃទីលាន Nordschleife។ បន្ថែមពីនេះក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់មួយនេះបានឲ្យដឹងថា ការប្រើប្រាស់ពណ៌ផ្ទុយគ្នានេះ គឺដកស្រង់ចេញពីសញ្ញាសម្គាល់ដែលត្រូវបានប្រើប្រាស់ដោយក្រុមប្រកួតផ្លូវការរបស់រោងចក្រ (Factory race teams) របស់ពួកគេ។

ចំណុចគួរឲ្យចាប់អារម្មណ៍គឺប៉ូឡុងខ្ចៅទប់កង់ (Central-lock) ពណ៌មាសបែប California Gold, ឡូហ្គោ Porsche ពណ៌មាសនៅផ្នែកខាងក្រោមកាងខាងក្រោយ, បន្ទះផ្នែកជំហៀងកោងខាងក្រោយពណ៌បៃតង ត្រូវបានភ្ជាប់ជាមួយនិមិត្តកាសញ្ញាផែនទី Nürburgring។ អតិថិជនក៏អាចជ្រើសរើសលេខប្រកួតចាប់ពីលេខ ០ ដល់ ៩៩៩ សម្រាប់បិទលើគម្របម៉ាស៊ីន ទ្វារ និងកញ្ចក់ខាងក្រោយ ដោយប្រើប្រាស់ទម្រង់អក្សរ (Typeface) ទទួលបានគំនិតច្នៃប្រឌិតចេញពីរូបភាពរូបភាពត្រូវបានគូរ ឬបាញ់ថ្នាំនៅលើជញ្ជាំង នៅលើទីលាន Nordschleife។

នៅផ្នែកខាងក្នុង ក្រុមហ៊ុន Porsche បានបំពាក់តួការពារបែប (Roll cage) ពណ៌បៃតងនៅផ្នែកខាងក្រោយ ពូកស្បែកពណ៌ខ្មៅ និងសាច់ក្រណាត់ Race-Tex ព្រមទាំងស្នាមដេរស្រដៀងនឹងគែមផ្លូវប្រកួត (Curb) នៃទីលាន Nürburgring ថែមទាំងមានកម្រាលធ្នឹមទ្វារអក្សរមានពន្លឺសរសេរថា «Welcome to the Green Hell» ទៀតផង។ នៅកន្លែងកល់ក្បាលនៃកៅអីរបស់រថយន្ដនេះ ក៏បានបំពាក់ជាមួយរូបផែនទីនៃទីលានប្រណាំង Nürburgring ជារួមការរចនារបស់រថយន្ដផ្ដោតជាពិសេសលើទីលានប្រណាំងរថយន្ដដ៏បំផុតនៅប្រទេសអាឡឺម៉ង់មួយនេះ។

សម្រាប់ម៉ូឌែលលេខដៃ ទទួលបានក្បាលចង្កឹះលេខធ្វើពីឈើ Walnut ដែលដកស្រង់ចេញពីរថយន្ត 911 Carrera T។ លើសពីនេះអិតិថិជនទិញនៅតែអាចជ្រើសរើសបានរវាងប្រអប់លេខដៃ ៦ វគ្គ ឬប្រអប់លេខ PDK ៧ វគ្គ។ ជាជម្រើសបន្ថែមអតិថិជនក៏អាចទិញនាឡិកា Porsche Design Chronograph 1 មានឌីហ្សាញស៊ីគ្នានឹងរថយន្ត ព្រមទាំងអាចចូលរួមក្នុងកម្មវិធី Sonderwunsch Manthey Experience ផងដែរ។ គួរបញ្ជាក់ផងដែររថយន្ត GT3 កំណែប្រែពិសេសសម្រាប់អបអរសាទរខួប ១០០ឆ្នាំនេះ នឹងបើកទទួលការកក់នៅខែកញ្ញា ក្នុងឆ្នាំ ២០២៦នេះហើយការប្រគល់រថយន្ដជូនអតិថិជនគ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅឆ្នាំ២០២៧ ខាងមុខនេះ៕























