[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Porsche បានពន្យារពេលការប្រកាសចេញរថយន្ត Macan អគ្គិសនីរយៈពេលមួយឆ្នាំគឺលើកពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៤ វិញ ដោយដំណឹងនៃការពន្យារពេលនេះទទួលបានការបញ្ជាក់ពីលោក Oliver Blume ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្ទាល់។
បើតាមការលើកឡើងរបស់នាយកជាន់ខ្ពស់ Porsche បានឲ្យដឹងថាការពន្យារពេលនេះគឺជាប់ពាក់ព័ន្ធនឹងផ្នែក Software ព្រោះថាគ្រឿង Hardware នៃរថយន្តគឺមានសភាពល្អ មិនមានបញ្ហាអ្វីនោះឡើយ។
តាមការចុះផ្សាយកាលពីសប្ដាហ៍មុន ក្រុមហ៊ុន Cariad ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Software របស់ Volkswagen Group រងការចោទប្រកាន់ថាអភិវឌ្ឍន៍ Software យឺតពេល ដែលរំពឹងថាប៉ះពាល់ដល់ការអភិវឌ្ឍន៍រថយន្តនៅ Porsche, Audi និង Bentley ដែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនទាំងបីមានប្រើប្រាស់គ្រោងឆ្អឹងអគ្គិសនី PPE ដូចគ្នា។
ត្បិតថា Porsche បានបញ្ជាក់អំពីដំណឹងនៃការពន្យារពេលនេះ ប៉ុន្តែ Audi មិនបាននិយាយទាក់ទងនឹងរថយន្ត Q6 e-tron ដែលត្រៀមប្រកាសចេញនៅថ្ងៃខាងមុខនោះទេ។ Q6 e-tron ដែលប្រើគ្រោងឆ្អឹង PPE ទំនងជានឹងប៉ះពាល់ដោយសារភាពយឺតយ៉ាវនៃ Software នេះដែរ៕