Porsche បានចែករំលែកអំពីលទ្ធផលលក់សម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២០ នេះ ដែលឃើញថាមានការធ្លាក់ចុះនៅលើទីផ្សារជាច្រើន លើកលែងតែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងមជ្ឈិមបូព៌ា។
នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងមជ្ឈិមបូព៌ា Porsche អាចលក់រថយន្តបានសរុប ៨៧ ០៣០គ្រឿង ដែលកើនឡើង ១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នៅប្រទេសចិនឯណោះមានចំនួនលក់ ៦២ ៨២៣គ្រឿង ធ្លាក់ចុះពី ៦៤ ២៣៧គ្រឿងកាលឆ្នាំមុន ហើយនៅអាមេរិកខាងជើងលក់បាន ៤៩ ០៣៤គ្រឿង ថយចុះ ១១%។
នៅតំបន់អឺរ៉ុបអាចលក់បាន ៥៥ ៤៨៣គ្រឿង ថយចុះ ៩% ហើយក្នុងនោះនៅអាល្លឺម៉ង់ដែលជាប្រទេសកំណើតមានចំនួនលក់ ១៧ ៤៦២គ្រឿង ថយចុះ ២៣%។ សរុបជារួម Porsche អាចលក់រថយន្តបាន ១៩១ ៥៤៧គ្រឿងនៅទូទាំងពិភពលោក ដែលធ្លាក់ចុះ ៥% ធៀបនឹងឆ្នាំមុន។
រថយន្ត Cayenne នៅតែអាចលក់ដាច់បានច្រើនជាងគេជាមួយចំនួនលក់ ៦៤ ២៩៩គ្រឿង ដែលកើនឡើង ៤%។ រថយន្ត Macan មានចំនួនលក់ ៥៥ ១២៤គ្រឿង និងរថយន្ត 911 មានចំនួនលក់ ២៥ ៤០០គ្រឿង និងរថយន្ត Taycan អាចលក់បាន ១០ ៩៤៤គ្រឿង៕