Ram គ្រោងប្រកាសចេញឡានភីកអាប់ខ្នាតតូចមកប្រជែងនឹង Ford Ranger

[ទីផ្សារបរទេស] ផ្អែកតាមវិបសាយប្រេស៊ីល Autos Segredos បានឲ្យដឹងថាក្រុមហ៊ុន Stellantis គ្រោងនឹងប្រកាសចេញរថយន្ត Ram 1200 នាឆ្នាំក្រោយនេះ ដែលជារថយន្តភីកអាប់ខ្នាតតូចមានទំហំប៉ុនគ្នាទៅនឹងរថយន្ត Ford Ranger។

ប្រភពខាងលើនេះបានទទួលដំណឹងពីលោក Antonio Filosa ដែលមានតំណែងជានាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Stellnatis ប្រចាំនៅអាមេរិកខាងត្បូង ដោយរថយន្តថ្មីនេះនឹងចូលផលិតនៅរោងចក្រ Jeep ក្នុងប្រទេសប្រេស៊ីលនៅដើមឆ្នាំក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិបសាយខាងលើនេះបានរាយការណ៍ថែមទៀតថា Ram បានផលិតរថយន្តគំរូនៃម៉ូដែល 1200 នេះតាំងពីខែមេសា ឆ្នាំ២០២១ ហើយទើបតែពេលនេះទទួលបានភ្លើងខៀវឲ្យបន្តគម្រោងការនេះជាមួយការសិក្សាលើរថយន្តគំរូជាច្រើនប្រភេទទៀតមុនការចូលផលិតជាផ្លូវការ។

ប្រភពដដែលបានឲ្យដឹងថា Ram 1200 នឹងមានជម្រើសម៉ាស៊ីនចំនួនពីរ ដែលទីមួយគឺម៉ាស៊ីនចំណុះ ២,០លីត្រ Tiger Shard ដែលអាចផលិតកម្លាំងបាន ១៦០សេះ និងមួយទៀតគឺម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ អាចផលិតកម្លាំងបាន ២០៣សេះ។ បន្ថែមពីនេះរថយន្តភីកអាប់ខ្នាតតូចនេះក៏នឹងមានបន្ថែមជម្រើស Hybrid និងអគ្គិសនីសុទ្ធជាបន្តបន្ទាប់សម្រាប់វាយលុកទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Ram 1200 ត្រូវបានប្រភពខាងលើរាយការណ៍មកថានឹងប្រើប្រាស់គ្រោងឆ្អឹង Stellantis Small Wide ដែលមានប្រើលើផលិត Jeep ដោយវានឹងត្រូវពង្រីកទទឹង ជាមួយនឹងប្រវែងបន្តិច ដើម្បីធានាថា​អាច​ប្រកួតប្រជែងនឹងទំហំនៃរថយន្ត Toyota Hilux និង Ford Ranger បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម