Range Rover Evoque ឆ្នាំ ២០២០ តម្លៃតែជាង ៤ ម៉ឺនដុល្លារនៅអាមេរិក

រថយន្ត SUV ប្រណីត​ខ្នាត​តូច ជំនាន់​ទី ២ Range Rover Evoque ស៊េរី​ឆ្នាំ ២០២០ ទទួល​បាន​ការ​រចនា​រូបរាង​ស្លីម និង​បំពាក់​ចង្កៀង LED ស្រស់​ស្អាត​ដូច ម៉ូដែល Range Rover Velar អីចឹង។

ជាមួយ​នឹង​យ៉ាន់​ទំហំ ២១ អ៊ីញ បាន​ជួយ​ឲ្យ Evoque ឈរ​ជែង​កាន់​តែ​អង់អាច។ វា​បាន​បន្ថែម​ពណ៌​ថ្មី​ចំនួន ២ ទៀត គឺ ពណ៌​ទឹកប្រាក់ (Seoul Pearl Silver) និង​ពណ៌​ប្រផេះ (Nolita Grey) ដែល​ផ្តាច់​មុខ​សម្រាប់​ម៉ូដែល First Edition។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ផ្នែក​ខាង​ក្នុង​ Evoque ​ឆ្នាំ ២០២០ កាន់​តែ​ប្រណីត និង​ស្រស់​ស្អាត ដោយបន្ថែម Option កាន់​តែ​ច្រើន​ជាង​មុន ហើយ​ក៏​បាន​បំពាក់​អេក្រង់​ផ្នែក​កណ្តាល​ទំហំ ១០ អ៊ីញ ចំនួន ២ និង​កុងទ័រ​ប្រភេទ​ឌីជីថល ទំហំ ១២,៣ អ៊ីញ ដែល​មាន​ដំណើរការ​កាន់​តែ​លឿន​ទៀត​ផង។

Evoque ជំនាន់​ថ្មី​បាន​បំពាក់​មុខងារ ClearSight Ground View ដំបូង​បង្អស់ ដែល​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​មើល​ឃើញ​កង់​ទាំង ៤ នៅ​លើ​អេក្រង់ ដែល​បង្ហាញ​ជា​រូបភាព ១៨០ ដឺក្រេ ងាយ​ស្រួល​នៅ​ពេល​បើកបរ​ផ្លូវ​តូច​ចង្អៀត។

Evoque ប្រភេទ S, SE និង First Edition ប្រើម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង​ ២៩៦ សេះ ដំណើរការជាមួយ​ប្រអប់លេខ​អូតូ ៩ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD។ វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល ៧,០ វិនាទី និង​មាន​ល្បឿន​អតិបរមា ២៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Evoque ប្រភេទ R-Dynamic S, R-Dynamic SE និង R-Dynamic HSE ដំណើរការ​ដោយ​ម៉ាស៊ីន Mild-Hybrid ជាមួយ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រ​អគ្គិសនី​មួយ ព្រម​ទាំង​អាគុយ​កម្លាំង ៤៨ វ៉ុល ដែល​បង្កើត​កម្លាំង​បាន​សរុប ២៩៦ សេះ។ វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ត្រឹម ៦,៣ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់ ២៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សូម​បញ្ជាក់​ថា រថយន្ត Range Rover Evoque ស៊េរីឆ្នាំ ២០២០ ​មាន​តម្លៃ​ចាប់​ពី ៤២ ៦៥០ ដុល្លារ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម