
[បរទេស] ក្រុមហ៊ុនផលិតរថយន្តប្រណិតលំដាប់អភិជន Rolls-Royce បានបង្ហាញចេញនូវម៉ូឌែលពិសេសនៃរថយន្តអគ្គិសនី Spectres អោយឈ្មោះថា Inspired by Primavera ដែលត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់អតិថិជនខ្លួន ដែលត្រូវបានបំផុសគំនិតចេញពីរដូវផ្ការីក ឬនិទាឃរដូវ (Spring Time) ត្រឹមចំនួនកំណត់ ៣គ្រឿងប៉ុណ្ណោះ។
សម្រាប់ឈ្មោះ “Primavera” ជាភាសាអ៊ីតាលីមានន័យថា ‘និទាឃរដូវ ឬ Spring’។ ក្នុងនោះ Rolls-Royce បានបង្កើតនូវម៉ូឌែលពិសេសនេះជាមួយពណ៌តួរខ្លួនចំនួន ៣ពណ៌ផ្សេងៗគ្នា Evanescent, Reverie និង Blossom។ រួមបន្ថែមជាមួយនូវលក្ខណ:ពិសេសដែលត្រូវបានតុបតែងដោយដៃផ្ទាល់ពុំថាផ្នែកខាងក្រៅ និងខាងក្នុង។ ជាពិសេសផ្នែកខាងក្នុងដោយមានរំលេចនូវរូបផ្កាទៅលើកន្លែងសំខាន់ៗផង ដើម្បីបង្ហាញថាម៉ូឌែលពិសេសនេះ ត្រូវបានផលិតឡើងដោយបំផុសគំនិតពីរដូវផ្ការីក។
Rolls-Royce និយាយថា Spectre Inspired by Primavera គឺអាចបញ្ជាទិញបានរហូតដល់ដើមឆ្នាំក្រោយ ហើយការដឹកជញ្ជូនសម្រាប់ម្ចាស់នឹងផ្តើមមុនរដូវផ្ការីកឆ្នាំ២០២៦។ ចំពោះតម្លៃវិញគឺពុំមានព័ត៌មាននោះទេថាម៉ូឌែលពិសេសនេះមានតម្លៃប៉ុន្មាន ប៉ុន្តែកត់សម្គាល់ថាវានឹងមានតម្លៃថ្លៃលើសពី Spectre ធម្មតាដែលមានតម្លៃចាប់ពី ៣៩៧ ៧៥០ដុល្លារ៕