Rolls-Royce បញ្ចេញម៉ូឌែលពិសេសនៃ Wraith និង Dawn ដើម្បីអបអរកំណត់ត្រាល្បឿន ៥៧៥, ៣៤គ.ម/ម៉ របស់លោក George Eyston កាលពី ៨០ឆ្នាំមុន

កាលពីជាង ៨០ ឆ្នាំមុននៅវាលខ្សាច់ Salt នៃទីក្រុង Bonneville ប្រធានក្រុម George Eyston បានបង្កើតកំណត់ត្រាល្បឿន ៥៧៥,៣៤ គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងរថយន្ត Thunderbolt ។

ជាកិត្តិយសនៃកំណត់ត្រានេះក្រុមហ៊ុន Rolls-Royce បានធ្វើការចេញនូវពិសេសថ្មីដែលមានឈ្មោះថា Wraith Black Badge Landspeed Collection និង Dawn Black Badge Landspeed Collection។ ម៉ូឌែលទាំងពីរនេះមានពណ៌ផ្នែកខាងក្រៅ ២ពណ៌លាយគ្នា គឺពណ៌ខ្មៅ(Black Diamond Metallic) និងខៀវ(Bonneville Blue)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលពិសេសជាងនេះទៀតនោះ គឺទឹកថ្នាំ Bonneville Blue ត្រូវបានផលិតឡើងវិញដោយ Rolls-Royce ដើម្បីក្លែងធ្វើមេឃនិងផ្ទៃដីខ្សាច់នៅលើវាលខ្សាច់ Salt ដើម្បីឆ្លុះបញ្ចាំងពី ផ្ទៃផ្នែកខាងក្រៅប្រភេទអាលុយមីញ៉ូមនៃរថយន្ត Thunderbolt។ បន្ថែមជាមួយរន្ធខ្យល់ខាងមុខ និងផ្ទៃផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានលាប Highlight ពណ៌មាស និងពណ៌ខ្មៅផងដែរ។

ចំណែកឯផ្កាយនៅខាងលើដំបូលពិដាន ត្រូវបានបំផុសគំនិតដោយផ្កាយនៅថ្ងៃទី ១៦​ ខែកញ្ញា ឆ្នាំ១៩៣៦ នៅពេលលោក Eyston បានបង្កើតកំណត់ត្រាល្បឿន ៥៧៥,៣៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្រមទាំងបានប្រើប្រាស់ចំណុចពន្លឺទាំងនោះចំនួន ២ ១១៧ចំណុច ដែលជាចំនុចច្រើនបំផុត។

បន្ថែមពីនេះនៅលើតាប្លូ ត្រូវបានរចនាឡើងត្រាប់តាមផ្ទៃស្ងួតនៃ វាលខ្សាច់ Salt នៃទីក្រុង Bonneville។ ចំណែកនាឡិកានៅកណ្តាលមានភ្ជាប់មកជាមួយល្បឿនកំណត់ត្រា ៥៧៥,៣៤ គីឡូម៉ែត្រក្នុងមួយម៉ោង។

និយាយអំពីរថយន្ត Thunderbolt បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣៧លីត្រ V12 ផលិតកម្លាំងសរុបបាន ២ ០០០សេះ។ ចំណែក Wraith Black Badge Landspeed Collection បំបាក់ជាមួយម៉ាស៊ីនចំណុះ ៦,៦លីត្រ V12 មានកម្លាំង ៦៣២សេះ និងកម្លាំងរមួល ៨៧០សេះ។ រីឯ Dawn Black Badge Landspeed Collection មានកម្លាំងសរុប ៦០១សេះ និងកម្លាំងរមួល ៨៤១ញ៉ូតុនម៉ែត្រ។ រថយន្តទាំងពីរម៉ូឌែលនេះដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ។

យ៉ាងណាមិញក្រុមហ៊ុនផលិតរថយន្តអង់គ្លេសនេះ ផលិតម៉ូឌែលពិសេសនេះត្រឹមចំនួនសរុប ៦០គ្រឿងប៉ុណ្ណោះ ដោយ Wraith Black Badge Landspeed Collection មានចំនួន ៣៥គ្រឿង និង Dawn Black Badge Landspeed Collection ចំនួន ២៥គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម