Rolls-Royce នៅតែរក្សាជំហរយ៉ាងរឹងមាំ ក្នុងការជ្រើសរើសយកប្រណីតភាពជាជាងបច្ចេកវិទ្យាថ្មី។
បន្ទាប់ពីការដាក់បង្ហាញរថយន្ត Ghost ជំនាន់ទី២ថ្មី ដែលរក្សាការឌីហ្សាញក្នុងកាប៊ីនដូចរថយន្ត Rolls-Royce ដទៃទៀត ដោយបំពាក់ប៊ូតុងចុច និងកុងតាក់ជាច្រើន វាបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនរថយន្តអង់គ្លេសនេះកំពុងតែដើរលើគន្លងផ្លូវមួយ ដែលផ្ទុយពីក្រុមហ៊ុន Mercedes-Benz កំពុងធ្វើលើ S-Class ថ្មីរបស់ពួកគេ។
លោក Alex Innes ដែលជាប្រធានផ្នែកឌីហ្សាញនៅ Rolls-Royce អះអាងថា វាចាំបាច់ណាស់សម្រាប់ពួកគេ ក្នុងការពិចារណាយ៉ាងប្រុងប្រយ័ត្ន ចំពោះបច្ចេកវិទ្យាថ្មីដែលត្រូវបំពាក់។ ជាមួយគ្នានេះ លោក Innes បានបន្ថែមថា មូលហេតុដែលរថយន្តដូចជា Phantom និង Ghost នៅតែប្រើ Analog ជាជាង Touchscreen ក៏ដោយសារតែពួកវាងាយស្រួលប្រើប្រាស់ជាង។
ថ្វីបើ Ghost ថ្មីមិនមានបំពាក់អេក្រង់ Touchscreen ដែលមានកម្រិតបង្ហាញខ្ពស់ ក៏មិនមែនមានន័យថា វាគ្មានបច្ចេកវិទ្យាថ្មីដែរ។ ជាក់ស្តែង Rolls-Royce Ghost ឆ្នាំ២០២១ បានបំពាក់ប្រព័ន្ធជើងក្រោមដ៏ទំនើបបំផុតមួយ ដោយប្រើកាមេរ៉ាដើម្បីពិនិត្យមើលផ្លូវខាងមុខ និងត្រៀមផ្លាស់ប្តូរស្ថានភាពបូម ឲ្យសមស្របទៅតាមស្ថានភាពផ្លូវ៕