[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Sany Group កំពុងចាប់អារម្មណ៍ក្នុងការផលិតរថយន្តអគ្គិសនី ដែលជារថយន្តភីកអាប់អគ្គិសនីក្នុងរចនាបថ Off-Road នឹងក្លាយជារថយន្តភីកអាប់អគ្គិសនីដំបូងគេក្នុងប្រទេសចិន ដែលភ្ជាប់មកជាមួយការរចនាដ៏ទំនើប ដើម្បីប្រកួតប្រជែងជាមួយ Tesla Cybertruck ។
រូបភាពនៃប៉ាតង់របស់ក្រុមហ៊ុន Sany Motors ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណេតដោយបានបង្ហាញការរចនានៃរថយន្តភីកអាប់អគ្គិសនីថ្មីក្រោមម៉ាកយីហោ Sany Motors ដែលមានរូបរាងស្រដៀងទៅនឹងរថយន្ត Tesla Cybertruck ជាមួយចង្កៀងមុខប្រភេទ Striped Matrix និងចង្កៀងក្រោយដូចជា sci-fi movie ជាដើម។
ជាមួយគ្នានេះ ដោយសារតែប៉ាតង់បានបង្ហាញទៅនឹងទំហំរបស់រថយន្តភីកអាប់ និងមិនមានព័ត៌មានលម្អិតអំពីលក្ខណៈបច្ចេកទេស តាមរូបភាព ភីកអាប់អគ្គិសនីត្រូវបានរំពឹងថាមានប្រវែង ៥,៥ ម៉ែត្រ ហើយប្រវែងគន្លាតកង់មុខ-ក្រោយត្រូវបានគេប៉ាន់ស្មានថាមានប្រវែង ៣,៣ ម៉ែត្រ។
គួរឲ្យដឹងថា ក្រុមហ៊ុន Sony Automobile បានធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងវិស័យរថយន្តពាណិជ្ជកម្ម ដោយពួកគេមានជំនាញក្នុងឧស្សាហកម្មគ្រឿងចក្រធុនធ្ងន់។ ដូច្នេះវាមិនមែនជារឿងចម្លែកទេដែលយីហោ SANY ចាប់អារម្មណ៍លើរថយន្តភីកអាប់ ដោយនេះគឺជាការពង្រីកអាជីវកម្មថ្មីមួយផ្សេងទៀតផងដែរ៕