Sony ចាប់ដៃគូជាមួយ Honda ដើម្បីនាំយកឡានអគ្គិសនីចូលទីផ្សារ នៅឆ្នាំ ២០២៥

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Sony ដែលពួកគេយល់ព្រមបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ ផលិត និងលក់រថយន្តអគ្គិសនី រួមជាមួយនឹងការផ្តល់សេវាចល័ត mobility services ផងដែរ។

“ក្រុមហ៊ុនថ្មី” នោះ នឹងត្រូវបង្កើតឡើងនៅឆ្នាំ ២០២២ ហើយរថយន្តអគ្គិសនីដំបូងរបស់វា ត្រូវបានគេរំពឹងថា នឹងឈានចូលទីផ្សារនៅឆ្នាំ ២០២៥ ខាងមុខតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាសមួយ បានឲ្យដឹងថា សម្ព័ន្ធភាពទាំងពីរខាងលើនឹងប្រើប្រាស់ “សមត្ថភាពអភិវឌ្ឍន៍ចល័ត, បច្ចេកវិទ្យាផលិតតួរថយន្ត និងបទពិសោធន៍គ្រប់គ្រងសេវាកម្មក្រោយការលក់របស់ Honda”។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន Honda នឹងមិនត្រឹមតែផលិតរថយន្តអគ្គិសនីនៅក្នុងរោងចក្ររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដើរតួយ៉ាងសកម្មក្នុងការរចនា និងអភិវឌ្ឍម៉ូដែលផលិតកម្ម (production models) ផងដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុន Sony វានឹងរួមចំណែកជាមួយជំនាញរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ និងការអនុវត្តបច្ចេកវិទ្យារូបភាព, ការចាប់សញ្ញា, ទូរគមនាគមន៍, បណ្តាញ និងការកម្សាន្ត។

គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Sony បានដាក់បង្ហាញគំរូរថយន្តអគ្គិសនីចំនួន ២ ម៉ូដែលរួចទៅហើយ គឺ Vision-S 01 Sedan នៅក្នុងព្រឹត្តិការណ៍ CES 2020 និង Vision-S 2 SUV នៅក្នុងព្រឹត្តិការណ៍ CES 2022៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម