Subaru BRZ ឆ្នាំ២០២២ ញាត់ Option ពេញ ថ្លៃជិត ៤ម៉ឺនដុល្លារ

Subaru BRZ ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ គឺជារថយន្តស្ព័រដែលមានតម្លៃថោកបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ន ជាមួយនឹងតម្លៃចាប់ពី ២៧ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Subaru BRZ ឆ្នាំ២០២២ ផ្តល់ជម្រើស ២ ម៉ូដែល គឺ Limited Premium តម្លៃចាប់ពី ២៧ ៩៩៥ដុល្លារ និង Limited តម្លៃចាប់ពី ៣០ ៤៩៥ដុល្លារ។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ប្រភេទ Boxer Engine ទំហំ ៤ស៊ីឡាំងថ្មី មានកម្លាំង ២២៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បានផ្តល់ជម្រើសប្រអប់លេខដៃ ៦វគ្គមកស្តង់ដារលើ BRZ ឆ្នាំ២០២២ ប៉ុន្តែក៏ផ្តល់ Option ប្រអប់លេខអូតូដែរ ក្នុងតម្លៃ ១ ៨០០ដុល្លារ។ ពាក់ព័ន្ធជាមួយពណ៌វិញ វាមានសរុប ៧ជម្រើស គឺ WR Blue Pearl, Crystal Black Silica, Magnetite Gray Metallic, Ignition Red, Ice Silver Metallic, Sapphire Blue និង Crystal White Pearl។

យ៉ាងណាមិញ ក្រុមហ៊ុន Subaru ក៏មានផ្តល់ Option ជាច្រើនទៀត ដែលអាចធ្វើឲ្យតម្លៃ BRZ ឆ្នាំ២០២២ ប្រែប្រួលយ៉ាងខ្លាំង។ ក្នុងនោះមានដូចជា កញ្ចក់ស្រទុំអូតូ (៣៥៥ដុល្លារ), បន្ទះសម្រាប់ដាក់ទូរសព្ទ (១៩៩,៩៩ដុល្លារ), ស្បែកស្រោបចង្កឹះលេខ (២១៥ដុល្លារ), ប៊ូតុងបញ្ឆេះម៉ាស៊ីន (២៤៥,៩៥ដុល្លារ), កាងកាត់ខ្យល់ខាងមុខ (៣៩៩,៩៥ដុល្លារ), កាងកាត់ខ្យល់ក្រោយ (៣៣៩,៩៥ដុល្លារ) និងកាងកាត់ខ្យល់ចំហៀង (៤៩៩,៩៥ដុល្លារ)។

មិនតែប៉ុណ្ណោះ ប្រសិនបើចង់ឲ្យរថយន្ត Subaru BRZ ឆ្នាំ២០២២ មើលទៅរឹតតែកាច អតិថិជនក៏អាចបន្ថែមកាងលំហូរខ្យល់ក្រោយ (rear bumper diffuser) ក្នុងតម្លៃ ៦៩៩,៩៥ដុល្លារ, កាងកន្ទុយត្រី spoiler (៣៤៩,៩៥ដុល្លារ) និង រន្ធបឺតខ្យល់ខាងមុខ (១៣៩,៩៥ដុល្លារ) ផងដែរ។ សរុបជារួមមក ប្រសិនបើញាត់ Option ឲ្យពេញ រថយន្ត Subaru BRZ ឆ្នាំ២០២២ នឹងមានតម្លៃដល់ទៅ ៣៩ ១៦០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម