
ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការជឿនលឿនទៅលើគ្រប់វិស័យទៅហើយ មិនរំលងសូម្បីតែវិស័យយានយន្ត ។ នោះបើយើងគ្រលែកទៅមើលកាលពីឆ្នាំ ១៩៦៧ វិញ ក្រុមហ៊ុនយក្ស Toyota របស់ប្រទេសជប៉ុន បានដាក់បង្ហាញនូវរថយន្ត Supercar ដំបូងគេរបស់ខ្លួនជាផ្លូវការ ប៉ុន្តែមកទល់នឹងឆ្នាំ ២០២២ ហេតុអ្វីបានជារថយន្តមួយគ្រឿងនេះអាចលក់បាននៅក្នុងតម្លៃមួយដែលថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ។ ក្នុងអត្ថបទនេះ Admin នឹងលើកយកមូលហេតុដែលនាំអោយរថយន្តមួយគ្រឿងនេះមានតម្លៃថ្លៃមកបង្ហាញជូន
Shelby2000GT ត្រូវបានគេចាត់ទុកថាជារថយន្តរបស់ប្រទេសជប៉ុនដែលមានតម្លៃថ្លៃបំផុតមួយក្នុងការលក់ចេញជាមួយនឹងហេតុផលដែលសមស្របរបស់វា ។ ត្រលប់ទៅក្នុងឆ្នាំ ១៩៦៧ វិញ ក្រុមហ៊ុន Toyota បានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹង 2000GT ដែលជារថយន្ត Supercar ដំបូងរបស់ប្រទេសជប៉ុន នឹងមានចំនួនផលិតមកត្រឹមតែ ៣៥១ គ្រឿងតែប៉ុណ្ណោះ ។ ជាមួយនឹងការរចនាឡើងមកមានភាពស្រស់ស្អាតទាក់ទាញ Performance ខ្ពស់នឹង សិក្សាយ៉ាងល្អិតល្អន់ទៅលើ ប្រព័ន្ធ Aerodynamic របស់រថយន្តផងដែរ ដើម្បីជាដៃគូរប្រកួតប្រជែងជាមួយ Ferrari នឹង Porsche លើសពីនេះទៅទៀតវាក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដ៏ល្បីមួយផងដែរគឺខ្សែភាពយន្ត You Only Live Twice របស់ James Bond ។
ដើម្បីបង្ហាញពីភាពខ្លាំងក្លាក្នុងទីលានប្រណាំងរបស់គេក៏ដូចជាការផ្ដោតសំខាន់ទៅលើការប្រកួតប្រជែងជាមួយនឹង Porsche នៅក្នុងឆ្នាំ ១៩៦៨ Toyota ក៏បានបញ្ជូន 2000GT ចំនួន ៣ គ្រឿងទៅកាន់សហរដ្ឋអាមេរិចដើម្បីប្រគល់ទៅកាន់ Carroll Shelby ដែលជា Legendary Tuner នៅពីក្រោយការកែច្នៃរថយន្ត Cobra នឹង Mustang GT350 ។ Shelby បានកែប្រែរថយន្តទាំងនេះសម្រាប់ការប្រណាំង SCCA (Sports Car Club of America) ។ Shelby 2000GT គឺជារថយន្តប្រណាំងមួយគ្រឿងដែលបាន Modified បន្ថែមមកផ្ដោតសំខាន់ទៅលើការប្រណាំង SCCA តែម្ដង ដែលវាបានបំពាក់មកជាមួយនឹងម៉ាសុីនចំណុះ ២.០L Inline-6 នឹង Tuned បន្ថែមទៅដល់កម្លាំង ២០០Hp ជាងឯណោះ ប៉ុន្តែវាអត់ទទួលបានជ័យជំនះក្នុងការប្រណាំងនោះទេគឺ បានត្រឹមតែ បញ្ចប់ជាមួយនឹងចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួតដណ្ដើមជើងឯក បើទោះបីជាវាទទួលបានជ័យជំនះក្នុងការប្រកួត ចំនួន ៤ ជុំក៏ដោយ ។
ដោយមានត្រឹមតែ ៣ គ្រឿងនៃ Shelby 2000GT ប៉ុណ្ណោះនៅក្នុងពិភពលោកវាក៏បានក្លាយ ជារថយន្តរបស់ប្រទេសជប៉ុនដែលកម្រ នឹងមានតម្លៃថ្លៃបំផុតមួយ ។ មកដល់ឆ្នាំ ២០២២ មួយគ្រឿងក្នុងចំណោមរថយន្តទាំងនេះត្រូវបានលក់ក្នុងការដេញថ្លៃជាមួយនឹងតម្លៃដ៏អស្ចារ្យមួយដល់ទៅ ២.៥៣លានដុល្លារ ដែលវាបានបំបែកកំណត់ត្រាជារថយន្តរបស់ប្រទេសជប៉ុនដែលមានតម្លៃខ្ពស់បំផុតមួយដែលបានលក់ ។
លើសពីរថយន្តធម្មតាទៅទៀត Toyota Shelby 2000GT គឺជានិមិត្តសញ្ញាមួយរបស់ប្រទេសជប៉ុន ដែលបានបញ្ជាក់ថាពួកគេអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន ដែលជាហេតុនាំអោយ Collectors ជាច្រើនរូបចំណាយលុយ ខ្ទង់លានដុល្លារ ដើម្បីប្រជែងគ្នាក្លាយជាម្ចាស់រថយន្តមួយគ្រឿងនេះ ។