SUV ខ្នាតធំរបស់ Nissan ចាប់ផ្តើមចូលរោងចក្រផលិត

Nissan បានធ្វើការចាប់ផ្តើមផលិតរថយន្ត Nissan Pathfinder សេរ៊ីថ្មីឆ្នាំ២០២២ នៅរោងចក្រក្នុងទីក្រុង Smyrna មុនពេលចេញលក់ផ្លូវការនៅរដូវក្តៅនេះ។

រថយន្ត Nissan Pathfinder សេរ៊ីថ្មីឆ្នាំ២០២២ នឹងមានវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិច និងកាណាដា នារដូវក្តៅនេះ ជាមួយការរចនាផ្នែកខាងក្រៅថ្មីកាន់តែរឹងម៉ាំ និងផ្នែកខាងក្នុងធំទូលាយ ដែលអាចអង្គុយបានរហូតដល់ចំនួនមនុស្ស ៨នាក់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយផ្នែកខាងក្នុងនៃរថយន្ត Nissan បានអះអាងថាវាមានភាពស្ងាត់ជាងមុន និងបានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៩អ៊ីញ, អេក្រង់បង្ហាញ Head-up Display ទំហំ ១០,៨អ៊ីញ, អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ និងបច្ចេកវិទ្យា ProPILOT Assisផងដែរ។

Pathfinder សេរ៊ីថ្មីឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨៤សេះ និងកម្លាំងរមួល ២៥៩ lb-ft ដំណើការដោយប្រអប់លេខវគ្គអូតូ។ បន្ថែមពីនេះ អតិថិជនក៏អាចជ្រើសរើសនូវប្រព័ន្ធបើកបរឆ្លាតវៃ 4WD ដែលផ្តល់នូវជម្រើសបើកបររហូតដល់ចំនួន ៧ប្រភេទផងដែរ។

សម្រាប់តម្លៃរបស់រថយន្ត Nissan Pathfinder សេរ៊ីថ្មីឆ្នាំ២០២២ នឹងប្រកាសក្នុងពេលឆាប់ៗខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម