នៅពេលដែល Tesla បើកទទួលការកក់រថយន្ត Cybertruck របស់ខ្លួន ក្រុមហ៊ុននិយាយថាប្រភេទ Tri-Motor ដែលជាប្រភេទមានកម្លាំងខ្លាំងនិងថ្លៃជាងគេនឹងចូលរោងចក្រផលិតនៅចុងឆ្នាំ ២០២២, ចំណែកប្រភេទ Single-Motor និង Dual-Motor ចូលរោងចក្រផលិតនៅឆ្នាំ ២០២១។
យ៉ាងណាក្ដី Tesla បានធ្វើការផ្លាស់ពេលផលិតវិញ ដោយប្រភេទ Tri-Motor និង Dual-Motor នឹងចាប់ផ្ដើមផលិតនៅចុងឆ្នាំ ២០២១។ ចំណែកប្រភេទ Single នឹងត្រូវពន្យារពេលដល់ចុងឆ្នាំ ២០២២ វិញ។
ហេតុផលនៃការផ្លាស់ប្ដូរនេះទំនងជាមកពីប្រភេទ Tri-Motor និង Dual-Motor មានអ្នកកក់ទិញច្រើនសន្ធឹកបើធៀបនឹងប្រភេទ Single។ ជាក់ស្ដែងលោក Elon Musk ធ្លាប់បានប្រាប់ថាក្នុងចំណោមរថយន្ត Cybertruck ចំនួន ១៤៦ ០០០ គ្រឿងដែលគេកក់ មាន ៤១% គឺយក Tri-Motor, ៤២% យក Dual-Motor និងមាន ១៧% ប៉ុណ្ណោះទិញយក Single-Motor។
Cybertruck មានជម្រើសចំនួន ៣ គឺ ៖
- Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
- Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
- Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ៕