
កាលពីពេលថ្មីៗនេះ បើយោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្របាននិយាយថា ក្រុមបុគ្គលដែលមានឥទ្ធិពលជាច្រើននៅក្នុងប្រទេសជប៉ុនបាននឹងកំពុងរៀបចំផែនការសម្រាប់ក្រុមហ៊ុន Tesla របស់លោក Elon Musk ក្នុងការវិនិយោគលើក្រុមហ៊ុន Nissan បន្ទាប់ពីការចរចាបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda Motor បានដួលរលំ។
ក្នុងនោះ សំណើរដែលដឹកនាំនេះ អាចនឹងធ្វើឡើងដោយអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla គឺលោក Hiro Mizuno ដែលត្រូវបានអះអាងថាកំពុងត្រូវបានគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី Yoshihide Suga និងអតីតជំនួយការរបស់គាត់គឺលោក Hiroto Izumi ។
ជាមួយគ្នានេះ ពួកគេបានសង្ឃឹមថា Tesla នឹងក្លាយជាអ្នកវិនិយោគយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុន Nissan ព្រោះពួកគេជឿថា Tesla មានចំណាប់អារម្មណ៍ក្នុងការទិញរោងចក្ររបស់ Nissan នៅសហរដ្ឋអាមេរិក។ ខណៈព័ត៌មាននេះ បានធ្វើឲ្យភាគហ៊ុនរបស់ Nissan បានកើនឡើងដល់ ១១ភាគរយ ក្នុងថ្ងៃសុក្រ។
ទោះយ៉ាងណា គេមិនទាន់មានការអះអាងផ្លូវការពីក្រុមហ៊ុន Tesla, Nissan និងអតីតនាយករដ្ឋមន្ត្រី Yoshihide Suga ទាក់ទងនឹងការចរចានេះនៅឡើយនោះទេ៕