ឡានតម្លៃជាង៦ពាន់ដុល្លារនេះ អួតខ្លួនថាជាឡានស៊ីសាំងតិចជាងគេបំផុតនៅឥណ្ឌា

រថយន្ត Maruti Suzuki Celerio ជំនាន់ថ្មីបានបង្ហាញរូបរាងជាផ្លូវការហើយ ដោយរថយន្តនេះបានអះអាងថាខ្លួនគឺជារថយន្តសាំងដែលសន្សំសំចៃប្រេងបានល្អដាច់គេនៅប្រទេសឥណ្ឌា ជាមួយកម្រិតប្រេង១លីត្រ ជិះបានរហូតដល់ ២៦,៦៨គីឡូម៉ែត្រឯណោះ។

Maruti Suzuki Celerio ដែលជាជំនាន់ទីពីរនេះគឺមានទំហំជាងជំនាន់មុនបន្តិច ដោយវាមានប្រវែង ៣៦៩៥ម.ម មានទទឹង ១៦៥៥ម.ម មានកម្ពស់ ១៥៥៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៤៣៥ម.ម ហើយ​ឃ្លុបដាក់ឥវ៉ាន់មានទំហំ ៣១៣លីត្រ ដែលធំជាងមុន ៤០%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានបំពាក់ម៉ាស៊ីនដែលផលិតកម្លាំងបាន ៦៥សេះ ដែលមាន​ចំណុះ ១,០លីត្រ និងមាន Dual VVT ជាមួយនឹងមុខងារ EGR ផងដែរ។ ជាលទ្ធផល​គឺ​កម្រិតស៊ីប្រេងគឺទាបខ្លាំង ដែល​ស៊ីតិចជាងមុន ២៣% ឯណោះ។

រថយន្ត Maruti Suzuki Celerio នឹងដាក់លក់ជាមួយតម្លៃចាប់ពី ៦ ៧០០ដុល្លារ រហូតដល់ ៩ ៣២០ដុល្លារ ដែលវានឹងគូប្រជែងរបស់រថយន្ត Hyundai Santro, Tata Tiago, Datsun Go និងរថយន្ត Suzuki Wagon R ផ្ទាល់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម