Tesla Model S P85 Shooting Brake ដែលជារថយន្តមានតែមួយគ្រឿងគត់ក្នុងលោកច្នៃឡើងដោយ RemetzCar នាពេលនេះកំពុងដាក់លក់លើវិបសាយរថយន្តនៅអឹរ៉ុបក្នុងតម្លៃប្រមាណ ២៤៥ ៨១០ ដុល្លារឯណោះ។
រថយន្តពិសេសនេះគឺឌីហ្សាញដោយ Niels van Roij ហើយផលិតឡើងដោយ RemetzCar ដែលត្រូវបានបង្ហាញមុខលើអនឡាញកាលពីប្រមាណ ២ ឆ្នាំមុន មុនការបង្ហាញមុខក្នុងកម្មវិធី Geneva Motor Show ឆ្នាំ ២០១៩។ រថយន្តនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបង្ហាញមុខ ដោយអាចឲ្យ RemetzCar សម្រេចថានឹងផលិតរថយន្តនេះ ២០ គ្រឿងសម្រាប់អតិថិជន។ ប៉ុន្តែចុងក្រោយផែនការផលិតត្រូវរំសាយចោល ធ្វើឲ្យរថយន្តនេះមានតែមួយគ្រឿងប៉ុណ្ណោះ។
ក្រៅពីមានការផ្លាស់ប្ដូររូបរាងបន្តិចបន្តួច រថយន្តនេះគឺនៅតែមានបំពាក់ម៉ូទ័រអគ្គិសនីមួយដែលមានកម្លាំង ៤២២ សេះ គួបផ្សំនឹងអាគុយចំណុះ ៨៥ គីឡូវ៉ាត់ម៉ោង។ គួរដឹងថា Tesla Model S Shooting Brake នេះប្រើប្រាស់បានចម្ងាយ ៦ម៉ឺនគីឡូម៉ែត្ររួចមកហើយ៕