[បរទេស] កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Tesla បានបន្ថែមច្បាប់មួយទៅក្នុងកិច្ចសន្យាលក់នៃភីកអាប់ Cybertruck ក្នុងកិច្ចព្រមព្រៀងនេះចែងថាអតិថិជនណាលក់រថយន្តឡើងវិញក្នុងកំឡុងឆ្នាំដំបូងគិតចាប់ពីថ្ងៃដឹកជញ្ជូន នោះ Tesla មានសិទ្ធិប្តឹងទៅតុលាការ ឬពិន័យជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារ ឬច្រើនជាងនេះ។
ទោះជាបីជា កិច្ចព្រមព្រៀងនេះបណ្តាលឲ្យមានភាពចម្រូងចម្រាស នឹងមានការប្រឆាំងពីអតិថិជនរបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុន Tesla នៅតែចេញច្បាប់នេះដដែល ដែលមានន័យថា អតិថិជននឹងមិនអាចលក់ Cybertruck ឡើងវិញក្នុងឆ្នាំដំបូងដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី Tesla បានទេ។
Tesla បានសម្រេចចិត្តចាត់វិធានការដែលអាចធ្វើទៅបានដើម្បីការពារម្ចាស់ Cybertruck ពីការលក់រថយន្តរបស់ពួកគេឡើងវិញយ៉ាងឆាប់រហ័សដើម្បីទទួលបានប្រាក់ចំណេញ។ ទោះយ៉ាងណាក៏ដោយ វាហាក់បីដូចជាវិធីសាស្រ្តនេះមិនជោគជ័យទេ ដោយសារមនុស្សជាច្រើននៅតែអាចស្វែងរកវិធីដើម្បីបំពានកិច្ចសន្យា។
គួរឲ្យដឹងថា តាមពិតទៅ ក្រុមហ៊ុនរថយន្តផ្សេងទៀតដែលពិន័យអតិថិជនចំពោះការរំលោភលើលក្ខខណ្ឌនៃការលក់រថយន្តដូចក្រុមហ៊ុន Tesla ក៏មានផងដែរ ប៉ុន្តែកម្រមានណាស់ ៕