Tesla ប្តឹងសារព័ត៌មានចិន ជុំវិញរបាយការណ៍អវិជ្ជមាន ពីរោងចក្រ Gigafactory នៅសៀងហៃ

ក្រុមហ៊ុន Tesla បានចាត់វិធានការតាមផ្លូវច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយចិនមួយ បន្ទាប់ពីវាបានចុះផ្សាយអត្ថបទមួយដែលរិះគន់រោងចក្រ Shanghai Gigafactory របស់ខ្លួន នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០។

អត្ថបទជាសំនួរដែលមានចំណងជើងថា “Giga-Sweatshop Meets Corporate Overloards: An Exclusive Look Into How Tesla China Runs Its Shanghai Gigactory 3” ត្រូវបានចុះផ្សាយដោយ PingWest ដោយធ្វើឲ្យមានការចោទប្រកាន់អំពីលក្ខខណ្ឌការងារនៅរោងចក្រ ក៏ដូចជាបញ្ហាការគ្រប់គ្រងគុណភាព និងផ្នែកផ្សេងទៀតដែលគួរឲ្យព្រួយបារម្ភ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្លែងជាមួយ PingWest បុគ្គលិកបច្ចុប្បន្ន និងអតីតក្រុមហ៊ុន Tesla China ជាច្រើនបានអះអាងថា “Tesla កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីឈានដល់គោលដៅផលិតកម្ម រួមទាំងការធ្វើឲ្យធ្លាក់ចុះស្តង់ដារគុណភាពរបស់ខ្លួន”។ មិនតែប៉ុណ្ណោះ មានប្រភពមួយអះអាងថា យ៉ាងហោចណាស់មានករណីមួយដែលក្រុមហ៊ុន Tesla បានប្រើប្រាស់គ្រឿងបន្លាស់ដែលមានបញ្ហានៅលើរថយន្តផលិតកម្ម។

ជាមួយគ្នានេះដែរ និយោជិកបច្ចុប្បន្នម្នាក់និយាយថា ក្រុមហ៊ុន Tesla ក៏បានផលិតនូវរថយន្តដែលមិនត្រូវតាមស្តង់ដារត្រួតពិនិត្យគុណភាពដើមរបស់ខ្លួន ហើយជំនួសឲ្យការប្រើប្រាស់អ្នកផ្គត់ផ្គង់ដែលប្រសើរជាងមុន វាបានបន្ទាបស្តង់ដារត្រួតពិនិត្យមុនពេលចែកចាយ។

ប្រភពដែលនិយាយជាមួយ PingWest ក៏បានអះអាងផងដែរថា ក្រុមហ៊ុន Tesla មិនផ្គត់ផ្គង់អាហារដល់កម្មកររោងចក្ររបស់ខ្លួនទេ ហើយនឹងផ្គត់ផ្គង់តែមីដល់អ្នកធ្វើការប្តូរវេន បន្ទាប់ពីម៉ោង ៨៖៣០យប់។

យ៉ាងណាក៏ដោយ Tesla មិនពេញចិត្តនឹងការចោទប្រកាន់ទាំងនេះទេ ហើយបានចេញលិខិតចោទប្រកាន់ទៅ PingWest ដើម្បីនាំយកប្រព័ន្ធផ្សព្វផ្សាយនេះទៅតុលាការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម