Toyota ទើបតែបញ្ចេញ Hilux ស៊េរីឆ្នាំ២០២៦ ដែលមានជម្រើសប្រើម៉ាស៊ីនចំហេះក្នុង និងអគ្គិសនីសុទ្ធ ហើយជាមួយគ្នានោះ ក្រុមហ៊ុនរថយន្តជប៉ុននេះ ក៏បានទម្លាយឲ្យដឹងបន្ថែមទៀតដែរថា នឹងបញ្ចេញ Hilux មួយ version ទៀត គឺប្រើម៉ាស៊ីនចំហេះអ៊ីដ្រូសែន សម្រាប់ស៊េរីឆ្នាំ២០២៨។

ការបន្ថែមជម្រើសប្រើម៉ាស៊ីនអ៊ីដ្រូសែននេះ គឺជាការតាំងចិត្តរបស់ Toyota ក្នុងការបង្ហាញពីការប្រើប្រាស់ថាមពលស្អាត ពោលគឺជាដំណើរឆ្ពោះទៅរកការមិនបញ្ចេញផ្សែង បន្ទាប់ពីរថយន្តអគ្គិសនី។
ដូច្នេះនៅពេលនោះ Hilux ដែលជាភីកអាប់ដ៏ពេញនិយមបំផុតរបស់ Toyota នឹងមានគ្រប់ជម្រើសម៉ាស៊ីន ដូចជា សាំង, ម៉ាស៊ូត, Mild Hybrid 48Volt, អគ្គិសនីសុទ្ធ និងអ៊ីដ្រូសែន។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា Toyota នឹងបន្តរក្សាទុកម៉ាស៊ីនទាំងនេះដដែល ឬបោះបង់ចោលខ្លះនោះទេ។ ម្យ៉ាងវិញទៀត សម្រាប់ Hilux អ៊ីដ្រូសែន ដែលគ្រោងចេញឆ្នាំ២០២៨នោះ នឹងមានតែនៅលើទីផ្សារអឺរ៉ុប និងអូស្ត្រាលី តែប៉ុណ្ណោះ។

លោក Sean Hanley ប្រធានផ្នែកទីផ្សាររបស់ Toyota ប្រចាំអូស្ត្រាលី បញ្ជាក់ថា អ៊ីដ្រូសែន នឹងដើរតួនាទីសំខាន់ក្នុងវិស័យដឹកជញ្ជូនគ្មានផ្សែង នៅទសវត្សរ៍ក្រោយ ជាពិសេសយានយន្តដែលត្រូវការចម្ងាយឆ្ងាយៗ ចាក់បំពេញវិញបានលឿន និងមានលទ្ធភាពប្រតិបត្តិការក្នុងតំបន់ដាច់ស្រយាល។ ការបន្ថែម version អ៊ីដ្រូសែន សម្រាប់ Hilux ស៊េរីឆ្នាំ២០២៨ នឹងក្លាយជាលទ្ធផលនៃការប្តេជ្ញារបស់ Toyota ចំពោះបច្ចេកវិទ្យានេះ។
លោកយល់ឃើញថា ម៉ាស៊ូត នឹងបន្តនៅរយៈពេលយូរទៀត ប៉ុន្តែអ៊ីដ្រូសែន នឹងជាអនាគតដ៏ធំនៅក្នុងប្រទេសអូស្ត្រាលី និងក្នុងឧស្សាហកម្មរថយន្ត។
គួររំលឹកថា កាលពីឆ្នាំ២០២៤ Toyota បានធ្វើតេស្តបើកបរសាកល្បង Hilux ប្រើចំហេះអ៊ីដ្រូសែន នៅប្រទេសអង់គ្លេស។ រថយន្តនោះ បានបំពាក់ធុងចំនួន៣ ដែលផ្ទុកអ៊ីដ្រូសែនសរុប ៧,៨គីឡូក្រាម អាចឲ្យរថយន្តធ្វើដំណើរបានដល់ ៦០០គីឡូម៉ែត្រ៕



















