[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ Toyota បានបង្ហាញចេញរថយន្ត Venza (ឬអាចហៅថា Harrier) ដែលទទួលបានដុសខាត់ថ្មីសម្រាប់ទីផ្សារប្រទេសជប៉ុន ហើយពេលនេះក្រុមហ៊ុនបានបន្ថែមប្រភេទថ្មីគឺប្រភេទ PHEV ដែលអាចសាកភ្លើងបាន។
តាមរយៈម៉ូទ័រអគ្គិសនីចំនួនពីរ និងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ រថយន្ត Venza PHEV អាចផលិតកម្លាំងបានសរុប ៣០២សេះ ដូចគ្នាទៅនឹង RAV4 Prime PHEV ដែរ ហើយថែមទាំងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ All-Wheel Drive ថែមទៀតផង។
យ៉ាងណា Toyota មិនបានប្រាប់អំពីលក្ខណៈសម្បត្តិបច្ចេកទេសលម្អិត ដូចជាកម្រិតស៊ីប្រេង ឬចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធនោះទេ។ ប៉ុន្តែដោយសារវាស្ទើរតែដូចគ្នាបេះដាក់ទៅនឹងរថយន្ត RAV4 Prime ហេតុនេះគេរំពឹងពីកម្រិតស៊ីប្រេងជាមធ្យម ៦,១៨លីត្រ ក្នុង១០០គ.ម និងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៦៧គ.ម។
គួរដឹងថារថយន្ត Venza ថ្មីមានបំពាក់មកជាស្តង់ដារនូវកញ្ចប់សុវត្ថិភាព Toyota Safety Sense និងមុខងារផ្កាយរណបនាំផ្លូវដែលអាចបញ្ជាតាមរយៈអេក្រង់ Touch ទំហំ១២,៣អ៊ីញ៕