Toyota ប្រកាសថែមលុយចូល ៨០០លានដុល្លារ ដើម្បីត្រៀមផលិតរថយន្តអគ្គិសនីថ្មីមួយទៀត បន្ទាប់ពី Highlander EV

បន្ទាប់ពីទើបប្រកាសចេញរថយន្តអគ្គិសនីកៅអី៣ជួរលើកដំបូង Highlander 2027 កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Toyota ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបន្ថែមទុនវិនិយោគ ដើម្បីត្រៀមផលិតរថយន្តអគ្គិសនីថ្មី។

Toyota បានប្រកាសដាក់ទុនបន្ថែម ១ពាន់លានដុល្លារសម្រាប់រោងចក្រចំនួន២នៅអាមេរិក។ ក្នុងនោះ ៨០០លានដុល្លារ សម្រាប់រោងចក្រ Kentucky ដើម្បីរៀបចំការផលិតរថយន្តអគ្គិសនីទី២ បន្ទាប់ពី Highlander EV ប៉ុន្តែ Toyota មិនបានបញ្ជាក់ពីម៉ូឌែលថ្មីនោះឡើយ។ ការវិនិយោគនេះ ក៏នឹងបង្កើនសមត្ថភាពរបស់រោងចក្រសម្រាប់រថយន្ត Camry និង RAV4 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក ២០០លានដុល្លារទៀត គឺវិនិយោគនៅរោងចក្រ Indiana សម្រាប់បង្កើនសមត្ថភាពផលិតរថយន្ត Grand Highlander ដែលជា SUV ខ្នាតធំដ៏ពេញនិយមរបស់ Toyota។

សូមជម្រាបថា រោងចក្រ Kentucky គឺជារោងចក្រផលិតរថយន្តដ៏ធំបំ់ផុតរបស់ Toyota ក្នុងពិភពលោក ដែលបានផលិតជាង ១៤លានគ្រឿងហើយ។

គួរកត់សម្គាល់ថា Toyota Highlander អគ្គិសនី ដែលទើបបង្ហាញចេញនោះ គឺទាំងរថយន្ត និងអាគុយ ផលិតនៅរោងចក្ររបស់ Toyota ក្នុងសហរដ្ឋអាមេរិកទាំងអស់។ ក្នុងនោះ រថយន្តផលិតនៅរោងចក្រ Kentucky នេះ ចំណែកអាគុយផលិតនៅរោងចក្រក្នុងរដ្ឋការ៉ូលីណាខាងជើង ដែលទើបសម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ រោងចក្រនេះ នឹងគាំទ្រដល់ខ្សែចង្វាក់ផលិតកម្មរថយន្ត Hybrid, PHEV និងអគ្គិសនីសុទ្ធរបស់ Toyota៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម