
ក្រុមហ៊ុន Toyota បានបញ្ចេញ concept រថយន្តអគ្គិសនីថ្មីរបស់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នោះគឺ Corolla ដែលជាម៉ូឌែលចាស់វស្សានិងលក់ដាច់បំផុតមួយ ហើយកាន់តែគួរចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គឺរូបរាងរបស់វាថ្មីទាំងស្រុងតែម្តង។ ម៉ូឌែលរថយន្ត Concept នេះ ត្រូវបានរំលេចឡើងតាមរយៈវីដេអូយុទ្ធនាការ “To You Toyota” ដែលបង្ហាញថារថយន្ត Corolla ជំនាន់ថ្មី គឺជាប្រភេទសាកភ្លើង និងមានការឌីហ្សាញខុសគ្នាដាច់ពី Corolla ជំនាន់ទី១២។
ការរចនាផ្នែកខាងមុខ គឺយកតាមរូបរាងក្បាលត្រីឆ្លាម១ប្រភេទហៅថា ‘Hammerhead’ ដែលជាភាសាឌីហ្សាញមួយ និងមានចង្កៀង LED ជាបន្ទាត់ផ្តេកកាត់ផ្ទៃខាងមុខ។ យ៉ាងណាមិញ គេមិនឃើញមានប៉ាណានោះទេ ដោយមានតែរន្ធខ្យល់តូចមួយនៅខាងក្រោមកាង។ នៅចំហៀងឆ្វេង គឺឃើញមានរន្ធសាកភ្លើង និងដៃទ្វារជាប្រភេទធម្មតា មិនលឹបចូលដូចរថយន្តបច្ចុប្បន្នមួយចំនួនទេ។ ចំណែកផ្នែកខាងក្រោយក៏ជាប្រភេទចង្កៀង LED រាងជាបន្ទាត់ផ្តេកកាត់ផ្ទៃខាងក្រោយផងដែរ ជាពិសេសគឺរំលេចឡើងដោយឡូហ្គូ Corolla យ៉ាងច្បាស់នៅចំកណ្តាល។
ទោះជាយ៉ាងណាក៏ដោយ Toyota បានត្រឹមតែបញ្ចេញរូបរាង Corolla នេះតែប៉ុណ្ណោះ មិនបានបញ្ជាក់លម្អិតអ្វីឡើយ អំពីការឌីហ្សាញផ្នែកកាប៊ីន ទំហំអាគុយ កម្លាំងម៉ូទ័រ មុខងារ ប្រព័ន្ធសុវត្ថិភាព និងពេលវេលានៃការបញ្ចេញលក់ជាផ្លូវការ។ គេរំពឹងថា Toyota អាចនឹងបញ្ចេញ Concept រថយន្ត Corolla អគ្គិសនីនេះក្នុងពិព័រណ៌ Japan Mobility Show 2025 ដែលនឹងធ្វើឡើងចាប់ពីចុងខែតុលាខាងមុខនេះ៕