ក្រុមហ៊ុន Toyota ប្រចាំនៅសហរដ្ឋអាមេរិក បានប្រកាសចេញរថយន្តអគ្គិសនីម៉ូឌែល bZ 2027 ដែលនៅបន្តរក្សារូបរាងដដែល ប៉ុន្តែបានអាប់ដេតលើចំណុចមួយចំនួន ដូចជា កម្លាំងកាន់តែខ្លាំងជាងមុន បង្កើនចម្ងាយបើកបរ ការកែប្រែផ្នែកខាងក្នុង និងបន្ថែមរន្ធសាក NACS ជាដើម។

ខណៈដែល bZ ជាប់ជារថយន្តអគ្គិសនីលក់ដាច់ជាងគេលំដាប់ទី៤ នៅអាមេរិក ក្នុងរយៈពេល៦ខែឆ្នាំនេះ ដូច្នេះ Toyota នៅតែរក្សាតម្លៃដដែលសម្រាប់ម៉ូឌែល 2027 និងគ្រោងដាក់លក់នៅខែក្រោយនេះ រួមមាន option ដូចជា៖
១. XLE FWD តម្លៃ ៣៤ ៩៨០ដុល្លារ
២. XLE FWD Plus តម្លៃ ៣៧ ៩៨០ដុល្លារ
៣. XLE AWD តម្លៃ ៣៩ ៩៨០ដុល្លារ
៤. Limited FWD តម្លៃ ៤៣ ៣៨០ដុល្លារ
និង៥. Limited AWD តម្លៃ ៤៥ ៣៨០ដុល្លារ។
រថយន្តនេះ មកជាមួយកញ្ចប់អាគុយ ២ជម្រើស គឺ ទំហំ ៥៧,៧គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរ ៣៧៩គីឡូម៉ែត្រ សម្រាប់ option XLE FWD និងជម្រើសអាគុយទំហំ ៧៤,៧គីឡូវ៉ាត់ម៉ោង សម្រាប់ option ផ្សេងៗទាំងអស់ ក្នុងនោះសម្រាប់ XLE FWD Plus គឺផ្តល់ចម្ងាយបើកបរឆ្ងាយជាងគេដល់ ៥០៥គីឡូម៉ែត្រ។

ជាមួយគ្នានេះ សម្រាប់រថយន្តប៉ុង១ ដូចជា option XLE មានកម្លាំង ១៦៥hp, option XLE Plus និង Limited មានកម្លាំង ២២១hp ឯរថយន្តប៉ុង២ គឺមានកម្លាំងដល់ ៣៣៨hp។ រថយន្ត Toyota bZ 2027 បានបំពាក់រន្ធសាក NACS ដែលអនុញ្ញាតឲ្យសាកជាមួយទូ Tesla Supercharger ដោយផ្ទាល់តែម្តង ចំណាយពេលប្រហែល ៣០នាទីប៉ុណ្ណោះ ពី ១០% ទៅ ៨០%។
ផ្នែកកាប៊ីនរបស់រថយន្តនេះ បានកែប្រែមួយចំនួន ក្នុងនោះគឺបានដំឡើងទំហំអេក្រង់ដល់១៤អ៊ីង និងក្រៅពីនេះ រួមមាន Qi Wireless Charge ចំនួន ២, ភ្លើង Ambient light, កុងទ័រ ៧អ៊ីង, Speaker ៦ ឬ៩គ្រាប់។

គ្រប់ជម្រើស option ទាំងអស់មកជាមួយមុខងារ សោឌីជីថល ដែលអនុញ្ញាតឲ្យប្រើស្មាតហ្វូនដោះសោជំនួសបាន។ បន្ថែមលើសនេះ សម្រាប់ option Limited មកជាមួយយ៉ាន់ alloy ២០អ៊ីង, ដំបូល panoramic moonroof, មុខងារកម្តៅកៅអីពូកខាងក្រោយ និងកញ្ចក់មើលក្រោយឌីជីថលជាដើម៕
















