
ក្រុមហ៊ុន Toyota បានបញ្ជាក់ថា ពួកគេនឹងបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីប្រភេទ Crossover នៅថ្ងៃទី ១១ ក្នុងខែមីនា ខាងមុខនេះ ។
បើយោងតាមរូបភាព និងវីដេអូដែលបានចេញផ្សាយលើបណ្តាញសង្គមបានបង្ហាញថា រថយន្តនេះ នឹងមានរចនាបថស្រដៀងនឹងទៅនឹង bZ Compact SUV Concept ដែលត្រូវបានបង្ហាញក្នុងឆ្នាំ ២០២២។ តែយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota មិនទាន់បញ្ជាក់ឈ្មោះផ្លូវការរបស់រថយន្តថ្មីនេះនៅឡើយទេ។
ទៅលើផ្នែករចនា រថយន្តថ្មីនេះ នឹងមានការរចនាបែបកូនកាត់លាយអនាគត ប៉ុន្តែនឹងមានទំហំដូចគ្នានឹង bZ Compact SUV Concept ដែលមានប្រវែង ៤,៥៤ ម៉ែត្រ និងកម្ពស់ ១,៥៦ ម៉ែត្រ។
លើសពីនេះទៅទៀត Toyota អាចនឹងប្រើប្រាស់នូវប្រព័ន្ធថ្ម និងម៉ូទ័រដូចគ្នានឹង Urban Cruiser EV ដែរ ដែលមានជម្រើសថ្មទំហំ ៤៩ និង ៦១ គីឡូវ៉ាត់ម៉ោង និងជម្រើសប៉ុង ១ និង ប៉ុង ២ អាចផលិតកម្លាំងបានខ្ទង់ ១៤២ ទៅ ១៧២ សេះ សម្រាប់ជម្រើសប៉ុង ១ និង ១៨២ សេះ សម្រាប់ជម្រើសប៉ុង ២។ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊៊ុន Toyota ផ្ទាល់មិនទាន់ប្រកាសចេញនៅឡើយទេ៕