Toyota ចេញឡានថ្មី Urban Cruiser Hyryder ប្រើម៉ាស៊ីន Hybrid សន្សំសំចៃខ្លាំងបំផុត

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត SUV ដំណើរការដោយប្រើម៉ាស៊ីន Hybrid ថ្មី នៅក្នុងប្រទេសឥណ្ឌា គឺ ម៉ូដែល Urban Cruiser Hyryder ដែលបានសហការណ៍ផលិតដោយក្រុមហ៊ុន Maruti Suzuki។

រថយន្ត Toyota Urban Cruiser Hyryder មានប្រវែង ៤,៣៦ម៉ែត្រ ទទឹង ១,៧៩ម៉ែត្រ កម្ពស់ ១,៦៣ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុង វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ និងកុងទ័រឌីជីថលទំហំ ៧អ៊ីញ ព្រមទាំងដំបូលកញ្ចក់វែក Panoramic Sunroof, ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting, កុងទ័របាញ់លើកញ្ចក់ Head-up Display, កាមេរ៉ា ៣៦០ដឺក្រេ, កន្លែងសាកថ្មឥតប្រើខ្សែ, កៅអីមានមុខងារបញ្ចេញខ្យល់ត្រជាក់, រន្ធម៉ាស៊ីនត្រជាក់ក្រោយ និង រន្ធសាកថ្មនៅជួរខាងក្រោយផងដែរ។

រថយន្ត Toyota Urban Cruiser Hyryder ថ្មីនេះផ្តល់ជម្រើសម៉ាស៊ីនសាំងចំនួន ២ គឺ៖

  • ចំណុះ​ ១,៥លីត្រ ដំណើរការជាមួយប្រព័ន្ធ mild-hybrid ១២វ៉ុល និង អាគុយ hybrid ៦អំពែ មានកម្លាំងសរុប ១០១សេះ និងកម្លាំងរមួល ១៣៥ញ៉ូតុនម៉ែត្រ ហើយមានទាំងជម្រើសប្រអប់លេខដៃ ៥វគ្គ ឬ ៦វគ្គអូតូ និង ប្រើប៉ុងមុខ។
  • ចំណុះ ១,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ hybrid មួយ មានកម្លាំងសរុប ១១៤សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខ តាមរយៈ e-Drive transmission។

រថយន្ត Toyota Urban Cruiser Hyryder នឹងត្រូវផលិតនៅរោងចក្រ Bidadi ក្នុងរដ្ឋ Karnataka ប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម