ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត GR Supra ម៉ូដែលពិសេសថ្មីមួយទៀត ហៅថា CF Edition សម្រាប់ស៊េរីឆ្នាំ២០២២ ដែលវាមានតុបតែងជាមួយ Carbon Fiber យ៉ាងច្រើន។
គួរឲ្យដឹងថា រថយន្ត Toyota GR Supra CF Edition ឆ្នាំ២០២២ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិកខាងជើង។ ក្នុងនោះវាបានបន្ថែមគ្រឿងដើម្បីជួយដល់សម្រស់ ក៏ដូចជា Aerodynamics ផងដែរ។
លក្ខណៈពិសេសសម្រាប់ម៉ូដែល CF Edition គឺ កាងកាត់ខ្យល់ខាងមុខ និងរន្ធបឺតខ្យល់ធំជាងមុន, កាងខាងក្រោយ Carbon Fiber, កាងចំហៀង Carbon Fiber, យ៉ាន់ពណ៌ខ្មៅគ្រើម ១៩អ៊ីញ ខណៈរថយន្តនេះនឹងផ្តល់តែជម្រើសពណ៌លឿង Nitro Yellow និង ពណ៌ស Absolute Zero White ប៉ុណ្ណោះ។
ក្រុមហ៊ុន Toyota អះអាងថា គ្រឿងសម្រាប់កាត់ខ្យល់ទាំងនោះអាចជួយដល់ Downforce និងការទប់លំនឹងរថយន្តបានយ៉ាងប្រសើរ មិនមែនត្រឹមតែឲ្យល្អមើលប៉ុណ្ណោះទេ។ ចំណែកឯផ្នែកខាងក្នុងវិញ វាក៏បានតុបតែងជាមួយ Carbon Fiber ព្រមទាំងកាំម្ញី និងស្បែកពណ៌ក្រហម និងខ្មៅទៀតផង។
GR Supra CF Edition ថ្មីបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៤វិនាទីឡើយ ហើយវាក៏មានបំពាក់ប្រព័ន្ធហ្វ្រាំង Brembo និង មុខងារ active rear sport differential ផងដែរ៕