ក្រុមហ៊ុនរថយន្តជប៉ុន Toyota បាននាំមុខក្រុមហ៊ុនរថយន្ត Volkswagen Group ក្លាយជាក្រុមហ៊ុនដែលអាចលក់រថយន្តបានច្រើនជាងគេលើលោកកាលពីឆ្នាំ ២០២០ កន្លងទៅ។
ឆ្នាំ ២០២០ គឺជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ ដែល Toyota បានឡើងឈរលើតំណែងលេខ១លំដាប់សកលលោក។ ចំនួនលក់របស់ក្រុមហ៊ុន Toyota ដែលមានគិតបញ្ចូលម៉ាក Lexus, Daihatsu និង Hinu ផងនោះគឺមានសរុប ៩,៥៣លានគ្រឿង ដែលធ្លាក់ចុះ ១១% ធៀបនឹងឆ្នាំ ២០១៩។
ដោយឡែក Volkswagen Group ឯណោះមានចំនួនលក់ធ្លាក់ចុះដល់ ១៥% ដែលអាចលក់រថយន្តបានសរុប ៩,៣១លានគ្រឿងកាលពីឆ្នាំ ២០២០។ ម៉ាករថយន្តដែលស្ថិតក្រោម Volkswagen Group រួមមាន Volkswagen, Audi, Porsche, Bentley, Skoda, SEAT រួមទាំងម៉ាករថយន្តដឹកទំនិញធន់ធំ Scania និង MAN ផងដែរ។
បើផ្អែកតាមការរំពឹងទុករបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit បានរំពឹងទុកថា Volkswagen Group អាចនឹងដណ្ដើមយកតំណែងលេខ១មកវិញនៅក្នុងឆ្នាំ ២០២១ ប៉ុន្តែក្រុមហ៊ុន Toyota ទំនងជាឡើងលើកំពូលវិញនៅឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥៕