[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota និង Maruti Suzuki បានសហការគ្នាក្នុងការផលិតរថយន្ត Toyota Hyryder ប្រភេទ SUV ដែលជាគូប្រជែងជាមួយរថយន្ត Hyundai Creta ជាមួយផែនការនៃការបង្ហាញខ្លួនជាផ្លូវនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ នៅទីផ្សារប្រទេសឥណ្ឌា។
រថយន្ត Toyota Hyryder មានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា low-lying grille ចង្កៀងមុខមានរាងស្លីមអូសកាត់ភ្ជាប់ជាមួយឡូហ្គោនៅចំកណ្តាល អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ខណៈពេលការរចនាផ្នែកចំហៀង និងខាងក្រោយរបស់រថយន្តមិនបានបង្ហាញនៅឡើយទេ។
គួរឲ្យដឹងថា រថយន្ត Toyota Hyryder នឹងក្លាយជាផលិតផលទី ៣ ដែលលក់ក្រោមភាពជាដៃគូ Suzuki-Toyota ក្នុងប្រទេសឥណ្ឌា ដោយត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B platform របស់ Toyota ។ រថយន្តនេះបំពាក់ដោយថាសកង់ទំហំ ១៧ អ៊ីញ កៅអីអ្នកបើកបរអាចលៃតម្រូវតាមអគ្គិសនី កន្លែងសាកថ្មឥតខ្សែ អេក្រង់បង្ហាញលើកញ្ចក់ HUD ដំបូលកញ្ចក់ sunroof និងកាំមេរ៉ា ៣៦០ដឺក្រេ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្ររួមបញ្ចូលគ្នានូវប្រព័ន្ធកូនកាត់ hybrid មានកម្លាំង ១០៣សេះ ភ្ជាប់មកជាមួយប្រអប់លេខដៃ ឬអូតូ ៦វគ្គ៕