Toyota នឹងសង់រោងចក្រថ្មី ដែលផលិតបានជាង ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត Toyota បានប្រកាសអំពីផែនការសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសឥណ្ឌា តាមរយៈការវិនិយោគទឹកប្រាក់ ៤០០ លានដុល្លារ ស្របពេលដែលអបអរសាទរដល់ខួបប្រតិបត្តិការទី ២៥ឆ្នាំ ក្នុងប្រទេសនេះ។

រោងចក្រថ្មីនេះនឹងត្រូវបង្កើតតាមរយៈក្រុមហ៊ុនបង្កើតរួមគ្នាឈ្មោះថា Toyota Kirloskar Motor ហើយវានឹងមានទីតាំងស្ថិតនៅក្បែរនឹងរោងចក្រពីរដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋ Karnataka។ ក្នុងនោះ Toyota និយាយថារោងចក្រនេះនឹងមានទំហំផលិតបានជាង ១០ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងបង្កើតការងារបាន ២ពាន់កន្លែង ហើយវានឹងជួយឲ្យទំហំផលិតនៅឥណ្ឌាជារួមកើនដល់ ៤១០ ០០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota រំពឹងថានឹងបញ្ចប់ការសាងសង់ និងបើកដំណើរការរោងចក្រនៅត្រឹមឆ្នាំ២០២៦។ ប៉ុន្តែក្រុមហ៊ុនមិនបានប្រកាសអំពីគ្រប់ម៉ូដែលរថយន្តដែលនឹងផលិតនៅរោងចក្រថ្មីនេះឡើយ ដោយបានត្រឹមបញ្ជាក់ថាម៉ូដែលមួយដែលនឹងផលិតគឺជា Innova HyCross។

ការលក់រថយន្ត Toyota នៅក្នុងប្រទេសឥណ្ឌា មានការកើនឡើង ដោយសារកិច្ចសហការជាមួយក្រុមហ៊ុន Suzuki ដែល Toyota ធ្វើការកែសម្រួលរថយន្តដែលបង្កើតឡើងដោយដៃគូរបស់ Suzuki ឈ្មោះថា Maruti រួចបញ្ចេញលក់ជាម៉ាក Toyota៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម