Toyota bZ3 អាប់ដេតបន្ថែម ប្រើអាគុយរបស់ BYD សាកថ្មជាង ២០នាទី ជិះបាន ៥១៧ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា FAW-Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Toyota bZ3 ដែលទទួលបានការអាប់ដេតថ្មីបន្ថែម និងបានបំពាក់ជាមួយអាគុយរបស់ក្រុមហ៊ុន BYD ជាមួយតម្លៃលក់ចាប់ពី ២៣ ៩៣០ ដុល្លារ ដល់ ២៨ ១៥៨ ដុល្លារនៅទីផ្សារប្រទេសចិន ។

Toyota bZ3 ថ្មីនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣០៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade battery របស់ BYD ទំហំ ៤៩,៩៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន ៣០% ដល់ ៨០% ប្រើរយៈពេល ២៧នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ​ម.ម ដែលភ្ជាប់មកជាមួយប៉ាណាមុខបិទជិតដូចទៅនឹងរថយន្តអគ្គិសនី bz4x ចង្កៀងមុខ-ក្រោយប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ១៨ អ៊ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Toyota Smart Mobility Connected ឧបករណ៍បំពងសំលេង ៦ចំនុច និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ២តំបន់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម