បន្ទាប់ពីបានចេញលក់នៅលើទីផ្សារតៃវ៉ាន់កាលពីខែកញ្ញាកន្លងទៅ នាពេលនេះរថយន្ត Toyota Corolla Cross GR Sport បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារប្រទេសថៃ ជាមួយរូបរាងបែបស្ព័រ និងដំណើរការដោយម៉ាស៊ីនប្រភេទ Hybrid។
រថយន្ត Toyota Corolla Cross GR Sport មានប្រវែងសរុប ៤ ៤៥៥មម ទទឹង ១ ៨២៥មម កម្ពស់ ១ ៦២០មម ប្រវែងគម្លាតកង់ ២ ៦២០មម កម្ពស់បាត ១៦១មម និងមានធុងប្រេងចំណុះ ៣៦លីត្រ។
ក្រៅពីទទួលបានការអាប់ដេតរូបរាងមើលទៅទាក់ទាញបែបស្ព័រ រថយន្ត Toyota Corolla Cros GR Sport ថ្មី ក៏មានបំពាក់ប្រព័ន្ធបូមថ្មី ដែលកែកុនដោយក្រុម Gazoo Racing និងថែមទាំងមានដែកទប់លំនឹងដើម្បីពង្រឹងសាក់ស៊ី ទៀតផង។
ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ, កុងទ័រឌីជីថលទំហំ ៧អ៊ីញ, ប៊ូតុងបញ្ឆេះម៉ាស៊ីនមានឡូហ្គូ GR ខណៈកៅអីរបស់វាក៏ភ្ជាប់ជាមួយឡូហ្គូ និងអាចបញ្ជាបាន ៨ទិសដៅសម្រាប់អ្នកបើកបរ។ រីឯប្រព័ន្ធសុវត្ថិភាពវិញ គឺរួមមានទាំងពោងសុវត្ថិភាព ៧គ្រាប់ និងមុខងារ Toyota Safety Sense 2.0 ផងដែរ។ ]
សម្រាប់ទីផ្សាប្រទេសថៃរថយន្ត Corolla Cross GR Sport ទទួលបានតែជម្រើសម៉ាស៊ីនតែមួយប្រភេទប៉ុណ្ណោះ ដោយដំណើរការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១.៨លីត្រ និងម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងសរុប ១២១សេះ ភ្ជាប់ជាមួយប្រអប់លេខ E-CVT និងមានកម្រិតស៊ីសាំង ២៣,៣គីឡូម៉ែត្រ/លីត្រ ឬ ៤,៣លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ រថយន្ត Toyota Corolla Cross GR Sport មានតម្លៃចាប់ពី ៣៦ ៧៨៨ដុល្លារឡើងទៅ៕