[ទីផ្សារបរទេស] បន្ទាប់ពីបានប្រកាសចេញរថយន្តថ្មីសន្លាង Toyota GR Corolla សម្រាប់ទីផ្សារអាមេរិករួចមក នាពេលនេះ Toyota បានឲ្យដឹងអំពីតម្លៃរបស់រថយន្តកម្លាំងខ្លាំងនេះ មុនការចេញលក់ជាផ្លូវការនៅអំឡុងចុងឆ្នាំ២០២២នេះ។
GR Corolla នឹងមានចែកចេញជាបីប្រភេទ រួមមាន Core មានតម្លៃចាប់ពី ៣៥ ៩០០ដុល្លារ, Circuit មានតម្លៃចាប់ពី ៤២ ៩០០ដុល្លារ និងប្រភេទផលិតមានកំណត់ Morizo Edition ដែលមានតម្លៃចាប់ពី ៤៩ ៩០០ដុល្លារ ឡើងទៅ។
សម្រាប់ Core និង Circuit នឹងប្រើប្រាស់ម៉ាស៊ីន៣ស៊ីឡាំង ចំណុះ១,៦លីត្រ ប្រភេទ Turbocharged ដែលអាចផលិតកម្លាំងបាន ៣០០សេះ និងមានកម្លាំងរង្វិល ៣៧០ញ៉ូវតុនម៉ែត្រ។ ចំណែកប្រភេទ Morizo នោះក៏មានកម្លាំង ៣០០សេះ ដូចគ្នាដែរ ប៉ុន្តែមានកម្លាំងរង្វិលដល់ ៤០០ញ៉ូវតុនម៉ែត្រ ហើយរថយន្តទាំងបី មានមកជាស្តង់ដារនូវប្រអប់លេខដៃ ៦វគ្គ។
តម្លៃរបស់ GR Corolla ស្ថិតក្នុងកម្រិតណាដែរបើធៀបនឹងគូប្រជែង? សម្រាប់ Volkswagen Golf R មានតម្លៃចាប់ពី ៤៤ ០៩០ដុល្លារ ចំណែក Subaru WRX មានតម្លៃចាប់ពី ២៩ ៦០៥ដុល្លារ ខណៈដែលរថយន្ត Hyundai Kona N និង Hyundai Elantra N មានតម្លៃចាប់ពី ៣៤ ២០០ដុល្លារ និងចាប់ពី ៣២ ១៥០ដុល្លារ។ ដូចនេះ GR Corolla មានតម្លៃស្ថិតនៅកណ្ដាលគូប្រជែងឯទៀត៕