ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តស្ព័រ GR Supra ស៊េរីឆ្នាំ២០២៣ របស់ខ្លួនជាផ្លូវការ ជាមួយនឹងជម្រើសលេខដៃ ៦វគ្កថ្មី ដែលដំណើរការជាមួយម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ និងកម្លាំងរមួល ៤៩៧ញ៉ូតុនម៉ែត្រ។
ក្រុមហ៊ុន Toyota បានពន្យល់ប្រាប់ថា ក្រុមវិស្វករបានធ្វើការកែសម្រួលទៅលើប្រអប់លេខ, ដង driveshaft និង gear set ហើយដកចេញនូវគ្រឿងដែលមិនត្រូវការ ធ្វើឲ្យរថយន្តនេះមានទម្ងន់កាន់តែស្រាលជាងមុន។
ក្រៅពីនោះ GR Supra ឆ្នាំ២០២៣ ក៏ទទួលបានការធ្វើឲ្យប្រសើរនូវប្រព័ន្ធទប់លំនឹង traction control, stability control និងប្រព័ន្ធការពារការក្រឡាប់ anti-roll systems ទៀតផង។
រឹតតែពិសេសជាងនេះទៅទៀត Toyota នឹងផ្តល់នូវជម្រើសម៉ូដែលពិសេសថ្មី ហៅថា A91-MT Edition ដែលមានផលិតត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ជាមួយនឹងជម្រើសពណ៌ស និង ប្រផេះ។ ប្រភេទ special edition នេះ នឹងទទួលបានពូកស្បែកប្រភេទ Cognac leather seats និង Alcantara-wrapped shifter មានឡូហ្គូហូ GR ព្រមទាំងប្រព័ន្ធសំឡេង JBL ១២គ្រាប់ទៀតផង។
ក្រៅពីប្រអប់លេខដៃ ៦វគ្គ រថយន្ត GR Supra ឆ្នាំ២០២៣ ក៏ទទួលបានការអាប់ដេតមួយចំនួនទៀត ដូចជា ប្រព័ន្ធជើងក្រោមដើម្បីឲ្យវាផ្តល់នូវផាសុកភាពជាងមុន និង ប្រព័ន្ធចង្កូត ទៀតផង។
គួរឲ្យដឹងថា រថយន្ត Toyota GR Supra ឆ្នាំ២០២៣ នឹងចេញលក់នៅសហរដ្ឋអាមេរិក នាចុងឆ្នាំនេះ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលក្រោយ៕