
ភីកអាប់ Toyota Hilux ជំនាន់ថ្មី ឆ្នាំ២០២៦ បានសម្ពោធដាក់លក់នៅលើទីផ្សារប្រទេសវៀតណាមជាផ្លូវការ ជាមួយជម្រើសចំនួន ៣ម៉ូឌែលសម្រាប់ជ្រើសរើស។
ដោយមាន ៣ ជម្រើសសម្រាប់ទីផ្សារវៀតណាមរួមមាន៖
- Hilux Standard 2.8 4×2 MT: តម្លៃ ៦៣២លានដុង (ប្រហែល ២៤ ៣៧០ដុល្លារ)
- Hilux Pro 2.8 4×2 AT: តម្លៃ ៧០៦លានដុង (ប្រហែល ២៧ ២០០ដុល្លារ)
- Hilux Trailhunter 2.8 4×4 AT: តម្លៃ ៩០៣លានដុង (ប្រហែល ៣៤ ៨០០ដុល្លារ)

សម្រាប់ការរចនា គឺថ្មីបែបជ្រុងៗ មើលទៅរឹងមាំ និងទំនើបជាងមុន ដែលការរចនានេះអោយឈ្មោថា “Cyber Sumo” ជាពិសេស ប៉ាណាខាងមុខរចនាថ្មី និងមានជណ្តើរនៅកាងខាងក្រោយ ស្រដៀងនឹង Ford Ranger។ ចំណែកខាងក្នុងក៏ត្រូវបានរចនាថ្មីទាំងស្រុងដែលស្រដៀងនឹង Toyota Land Cruiser Prado ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ។

ចំណែកប្រព័ន្ធជំនួយការបើកបរ និងសុវត្ថិភាព រថយន្តនេះត្រូវបានបំពាក់កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense (TSS) ជំនាន់ថ្មី ដែលរួមមានប្រព័ន្ធព្រមានមុនពេលបុក ព្រមានពេលចាកចេញពីគន្លងផ្លូវ និងប្រព័ន្ធគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ (Adaptive Cruise Control)។

សូមបញ្ជាក់ផងដែរថា សម្រាប់ជំនាន់ថ្មីនេះ Toyota បានបោះបង់ចោលនូវជម្រើសម៉ាស៊ីនទំហំ ២,៤ លីត្រ ដោយរក្សាទុកតែម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រប៉ុណ្ណោះ អាចផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៥០០ញូតុនម៉ែត្រ ផ្គូរផ្គង់ជាមួយជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ និងប្រព័ន្ឌ Multi-Terrain Selection ជាមួយជម្រើស Mode ក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ៕





















