Toyota RAV4 ផ្ដួល Toyota Corolla គ្រងតំណែងជាឡានលក់ដាច់ជាងគេក្នុងលោក

[ទីផ្សារបរទេស] ផ្អែកតាម​ទិន្នន័យ​សកលដែលរៀបចំឡើងដោយ Fiat Group World ដោយ​ប្រើប្រាស់ទិន្នន័យ​លក់​របស់​ក្រុមហ៊ុន​រថយន្តពីទីផ្សារផ្សេងៗគ្នា បានបង្ហាញថារថយន្ត Toyota RAV4 គឺជារថយន្តដែលលក់ដាច់បានច្រើនជាងគេកាល​ពី​ឆ្នាំ​២០២១ ដែលអាច​លក់​ចេញ​បាន​ដល់ ១,១៣ លានគ្រឿង។

ដោយឡែក Toyota Corolla ដែលធ្លាប់ជាប់ចំណាត់ថ្នាក់លេខមួយកាលពីឆ្នាំ២០២០នោះ បាន​ថយចំណាត់ថ្នាក់​មក​នៅ​លេខ​ពីរ​ជាមួយ​ចំនួនលក់ ១,១លានគ្រឿង ដែលជាចំនួនលក់ទូទាំងសកលលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរចាប់អារម្មណ៍ផងដែរថា Tesla Model 3 បានជាប់ចំណាត់ថ្នាក់លេខ១០ ជាមួយ​ចំនួនលក់ ៥០៨ ០០០គ្រឿង នាំមុខ​រថយន្ត Honda Accord និងរថយន្ត Honda Civic ហើយសម្រាប់ឆ្នាំ២០២២នេះ មានការរំពឹងទុកថា Tesla Model 3 អាច​នឹង​ឡើង​ឈរនៅចំណាត់ថ្នាក់កំពូលទាំង៥។

ការរំពឹងទុកនេះក៏ដោយសារ Tesla Model 3 មានកំណើនចំនួនលក់ខ្ពស់ជាងគេធៀបនឹងឆ្នាំ២០២០ ដែលចំនួនលក់​មាន​ការ​កើន​ឡើង​ ៤០% ខណៈដែលរថយន្តដទៃទៀតមាន​កំណើតបន្តិចបន្តួចប៉ុណ្ណោះ។

ដោយឡែក Tesla Model Y ក៏លក់ចេញបានច្រើនផងដែរកាលពីឆ្នាំ២០២១ ដោយវាអាចលក់ចេញបាន ៣៩ម៉ឺន​គ្រឿង ជាប់​ចំណាត់​ថ្នាក់​លេខ១៩ ហើយចំនួនលក់របស់វា​មាន​កំណើនរហូតដល់ ៤១២% ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម