Toyota Urban Cruiser HyRyder ស៊េរីថ្មី បំពាក់ម៉ាស៊ីន Hybrid តម្លៃខ្ទង់ ២ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត Toyota Urban Cruiser HyRyder ស៊េរីថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ២២ ៩៧០ ដុល្លារនៅទីផ្សាររបស់ខ្លួន។

រថយន្តនេះប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA platform ចំពោះការរចនាផ្នែកខាងក្រៅសង្កត់ធ្ងន់ទៅលើភាពទំនើបទាន់សម័យ និងស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅ ចង្កៀងមុខ LED ថ្មី ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED រាងអក្សរ C ដែលមានឡូហ្គោ HYBRID និងថាសកង់ស្ព័រត្រូវបានរចនាថ្មីទំហំ ១៧ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងរបស់ Urban Cruiser Hyryder ត្រូវបានតុបតែងជាពីរពណ៌ ខ្មៅ និងត្នោត ជាមួយនឹងគ្រឿងបរិក្ខាស្បែកទន់។ បន្ថែមពីនេះ ក៏បានបំពាក់ឧបករណ៍មូលដ្ឋានដូចជាអេក្រង់កំសាន្ត touchscreen កណ្តាលទំហំ ៩ អ៊ីញ ដែ១លអាចភ្ជាប់មុខងារ Apple CarPlay និង​ Android Auto កាំមេរ៉ា ៣៦០ ដឺក្រេ។

បន្ថែមពីនេះ ក៏មានប្រព័ន្ធបញ្ជាដោយទូរស័ព្ទដូចជា ចាក់សោ/ដោះសោរពីចម្ងាយ និងបិទ/បើកប្រព័ន្ធម៉ាស៊ីនត្រជាក់ពីចម្ងាយ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ៥,៥  អ៊ីញ ប្រព័ន្ធសាកឥតខ្សែ ពោងសុវត្ថិភាពចំនួន ៦ ចំនុច  ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ​ រថយន្តដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ  ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំងអាចផលិតកម្លាំងបាន ១០២ សេះ និងកម្លាំងរមួល ១៣៥ ញ៉ូតុនម៉ែត្រ ​ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ និងលេខដៃ ៥ វគ្គ ប្រភេទបើកបរប៉ុង១ និង ប៉ុង ២ ជាមួយកម្រិតស៊ីប្រេង ២៦,១ គីឡូម៉ែត្រ/លីត្រ។
  • ម៉ាស៊ីនសាំងកូនកាត់ Hybrid ចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១២២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ប្រភេទបើកបរប៉ុង ១ ជាមួយកម្រិតស៊ីប្រេង ១៩ ដល់ ២៧,៩ គីឡូម៉ែត្រ/លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម