Toyota ចេញឡានស្ព័រ GR Supra Matte White Edition ថ្មីផលិតតែ ៥០គ្រឿង តម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញម៉ូដែលពិសេសនៃត្រកូល GR Supra សម្រាប់ប្រទេសជប៉ុន មានឈ្មោះថា “Matte White Edition”។

រថយន្ត Toyota GR Supra Matte White Edition នេះ ប្រើពណ៌ពិសេសផ្តាច់មុខ ព្រមទាំង ប្រអប់លេខ៦វគ្គទើបចេញថ្មី ហើយនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ ខណៈអតិថិជនត្រូវចាប់ឆ្នោតដើម្បីអាចមានសិទ្ធិទិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GR Supra Matte White Edition ប្រើទឹកថ្នាំពណ៌ស Matte Avalance White Metallic ជាមួយនឹងការតុបតែងពណ៌ខ្មៅនៅលើកាងកាត់ខ្យល់ខាងមុខ, ចំហៀង, ខាងក្រោយ, កញ្ចក់, ថ្ពាល់មុខ និង រន្ធបឺតខ្យល់ ជាដើម។ វាក៏បានបំពាក់យ៉ាន់កង់ទំហំ ១៩អ៊ីញ ជាប្រភេទ forged wheels ពណ៌ប្រផេះ Frozen Gunmetal Gray ក៏ដូចជា គម្របហ្វ្រាំងពណ៌ក្រហមទៀតផង។

គួររំលឹកឲ្យដឹងដែរថា ម៉ូដែល Matte White Edition នេះ គឺស្រដៀងទៅនឹងម៉ូដែល A91-MT Edition ដែលមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ចំនួន ៥០០គ្រឿងដែរ។

ចូលទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់ស្បែកពណ៌ការ៉ុតលើកៅអី, ផ្នែកខាងក្រោមនៃទ្វារ, ដៃចង្កូត និង ប្លុកបញ្ជាផ្នែកកណ្តាល ផងដែរ។ អ្វីដែលពិសេសនោះគឺ វាមានផ្លាក carbon-fiber មួយនៅលើតាបឡូ ជាមួយនឹងឡូហ្គូ “GR Supra” និង “Matte White Edition” ទៀតផង។

រថយន្ត Toyota GR Supra Matte White Edition ថ្មីនេះ ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ហើយប្រើប៉ុងក្រោយ និងប្រអប់លេខដៃ ៦វគ្គ។ វាក៏មានប្រព័ន្ធ AVS (Adaptive Variable Suspension), EPS (Electric Power Steering) និង VSC (Vehicle Stability Control) ផងដែរ។ ចំពោះតម្លៃរបស់វាគឺចាប់ពី ៥៧ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម