Toyota ដាស់តឿនក្រុមហ៊ុនដទៃ ឲ្យប្រយ័ត្នការប្រើពាក្យ “រថយន្ត Hybrid”

ក្រុមហ៊ុន Toyota បាន​ក្រើនរំលឹកទៅដល់​ក្រុមហ៊ុនរថយន្តដទៃ ឲ្យប្រុងប្រយ័ត្ន​ក្នុងការប្រើប្រាស់ពាក្យផ្សព្វផ្សាយហៅ “រថយន្ត Hybrid” ដើម្បីកុំឲ្យអតិថិជនរបស់ខ្លួន​ មានការយល់ច្រឡំ។ ការដាស់តឿនបែបនេះ ក្រោយមានក្រុមហ៊ុនមួយចំនួន បាន​ប្រកាសរថយន្ត​ខ្លួនដែលបំពាក់ត្រឹមតែប្រព័ន្ធ Mild Hybrid ថាជារថយន្ត Hybrid។

លោក Sean Hanley នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនរថយន្តទាំងនោះ ត្រូវតែមានទំនួល​ខុសត្រូវលើការផ្សព្វផ្សាយដោយត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់​ពី​ប្រភេទ​មាស៊ីនរថយន្តខ្លួនឲ្យអតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកបានកត់សម្គាល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ពាក្យ Hybrid ត្រូវបាន​យកមកផ្សព្វផ្សាយក្នុងវិធីផ្សេងៗគ្នានៅក្នុងទីផ្សារ។ ដោយឡែកសម្រាប់ Toyota នឹងបញ្ជាក់យ៉ាងច្បាស់ ជាពិសេសគឺភាពខុសគ្នារវាងដំណើរការនៃប្រព័ន្ធ Hybrid និង Mild Hybrid។ លោកសង្កត់ធ្ងន់ថា រថយន្ត Mild Hybrid ពុំមែនជារថយន្ត Hybrid នោះទេ។

គួរដឹងថា សម្រាប់ប្រព័ន្ធ Mild Hybrid 48V គឺប្រភពថាមពល​ដ៏សំខាន់​របស់​វា​ បានមកពី​ម៉ាស៊ីន​ចំហេះក្នុង និង​ម៉ូទ័រអគ្គិសនី តាម​រយៈប្រព័ន្ធជាន់ហ្វ្រាំងសាកអាគុយឡើងវិញ ហៅថា ​regenerative brake។ មានន័យថា រថយន្ត​រត់លើម៉ាស៊ីនសាំង​ផង និងប្រព័ន្ធ Mild Hybrid ផង ដែល​វាជួយដល់ការសន្សំសំចៃនៃការប្រើប្រាស់សាំង។

ចំណែក ប្រព័ន្ធ Hybrid ឬ Full Hybrid វិញ អាគុយ​ក៏ត្រូវបានសាក​តាម​រយៈប្រព័ន្ធ regenerative brake ផងដែរ ប៉ុន្តែខុសពី Mild Hybrid ត្រង់ថា រថយន្ត​អាច​រត់​តែលើ​ប្រព័ន្ធអាគុយសុទ្ធតែម្តង ក្នុងចម្ងាយខ្លី ឬបើក​ល្បឿនយឺតៗក្នុងក្រុងដែលមានការកកស្ទះជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម