កាលពី ២ឆ្នាំមុន ប្រទេសវៀតណាមបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងការប្រកាស អំពីក្រុមហ៊ុនផលិតរថយន្តដំបូងរបស់ខ្លួនឈ្មោះ Vinfast ព្រមទាំងសម្ភោធផ្លូវការនៃរថយន្ត ២ម៉ូឌែលគឺ LUX A2.0 ប្រភេទ Sedan និង LUX SA2.0 ប្រភេទ SUV។
តាមរយៈការចុះផ្សាយរបស់ក្រុមហ៊ុន Vinfast បាននិយាយថា ខ្លួនកំពុងសិក្សា និងអភិវឌ្ឍបន្ថែមទៅលើ រថយន្តអគ្គិសនី សម្រាប់ឈានជើងចូលទីផ្សារសហរដ្ឋអាមេរិច នៅឆ្នាំក្រោយ។
តាមសម្តីម្ចាស់សម្ព័ន្ធ Vingroup លោក Pham Nhat Voung បាននិយាយថា៖ “Vinfast ចង់បង្កើតម៉ាករបស់ប្រទេសវៀតណាម អោយក្លាយជាម៉ាកលំដាប់អន្តរជាតិ”។ លោកក៏បានបន្តទៀតថា៖ “បញ្ហាប្រឈមធំបំផុតរបស់យើងគឺ ផលិតផលរបស់វៀតណាម គឺពុំទាន់បានក្លាយជាម៉ាកអន្តរជាតិ ដែលគេទទួលស្គាល់នូវឡើយ។ បើធៀបទៅប្រទេសដៃគួរអន្តរជាតិជាច្រើន ប្រទេសវៀតណាម នៅខ្សោយ និងដើរថយក្រោយ ដូច្នេះពួកគេត្រូវស្វែងរកទីផ្សារ និងអភិវឌ្បផលិតផលរបស់ពួកយើង ដើម្បីបញ្ជាក់ថា ផលិតផលរបស់យើងមានកំរឹតស្តង់ដារខ្ពស់ ឈានដល់លំដាប់ពិភពលោក”។
យោងតាមរបាយការណ៌ពីមុនបានបញ្ជាក់ថា លោក Pham Nhat Voung បានចំណាយលុយផ្ទាល់ខ្លួនជាង ២ ពាន់លានដុល្លារ ដើម្បីធ្វើឲ្យ Vinfast ជោគជ័យលើទឹកដីសហរដ្ឋអាមេរិក។ ទោះបីជាមានឧបសគ្គជាច្រើន បូករួមជាមួយការមើលឃើញរបស់ក្រុមហ៊ុនផ្ទាល់ ទីផ្សារវៀតណាមនៅតូចណាស់ សម្រាប់ការរកប្រាក់ចំណេញ ដូច្នេះហើយទើបតម្រូវអោយមានការពង្រីកទីផ្សារអោយកាន់តែធំ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន។